(ភ្នំពេញ)៖​ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កាលពីថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចាត់តាំងគណៈគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រ និងប្រឡងជ្រើសរើសសមណនិស្សិត និស្សិត ដើម្បីចូលសិក្សាថ្នាក់បណ្ឌិត ជំនាន់ទី១ ឆ្នាំសិក្សា​២០២៣-២០២៤ ក្រោមព្រះរាជាធិបតីភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ពិធីនេះក៏មានការចូលរួមពី សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ សាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា,​ សុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា​ លោកបណ្ឌិត ហាក់ ប៊ុនធឿន​ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក​ ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាព្រមទាំងអ្នកឧកញ្ញា លោកឧកញ្ញា ឧកញ្ញា លោក លោកស្រី គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការ និងនិស្សិតគ្រប់រូប ខណៈដែលនេះជាសាកលវិទ្យាល័យរដ្ឋដំបូងគេ ផ្នែកព្រះពុទ្ធសាសនា ដែលបានបើកបង្រៀនថ្នាក់បណ្ឌិតនៅកម្ពុជា។

ការប្រឡងជ្រេីសរៀសចូលរៀននេះដែរ​ បន្ទាប់ពីពិធីសម្ពោធអគារសិក្សាថ្មីកម្ពស់ ៩ជាន់ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលទទួលបានការឧបត្ថម្ភ និងគាំទ្រពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងពិធីប្រកាសចាត់តាំងគណៈគ្រប់គ្រងថ្នាក់បណ្ឌិត និងប្រឡងជ្រើសរើសសមណនិស្សិត និស្សិតថ្នាក់បណ្ឌិតជំនាន់ទី១ នេះដែរ លោកបណ្ឌិត ម៉ុក សារ៉ុម ប្រធានថ្នាក់ក្រោយបរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុន្នីរាជា បានលើកឡើងថា សម្រាប់ឯកទេស ដែលត្រូវបើកបង្រៀនថ្នាក់បណ្ឌិតជំនាន់ទី១នេះ មានចំនួន៩ ក្នុងនោះរួមមាន អក្សរសាស្ត្រខ្មែរ ទស្សនវិជ្ជា និងសាសនា វិទ្យាសាស្ត្រអប់រ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ រដ្ឋបាលអប់រំ និងភាពទំនាក់ទំនង ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងធុរកិច្ច និងគ្រប់គ្រងធនធានមនុស្ស ។

លោក ហាក់ ប៊ុនធឿនបានឱ្យដឹងដែរថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលវិស័យពុទ្ធិសិក្សានៅកម្ពុជា បើកថ្នាក់បណ្ឌិតលើកដំបូង ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍនូវធនធានមនុស្ស ក៏ដូចជាការលើកកម្ពស់ នូវវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដោយសារមានកំណើនសមណនិស្សិតកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានទទួលការសាងសង់នូវអគារថ្មីកម្ពស់ ៩ជាន់ ។​ មិនត្រឹមតែប៉ុណ្ណោះ សាកលវិទ្យាល័យមួយនេះ ទទួលបានជោគជ័យក្នុងការចូលជាសមាជិកសមាគមសាកលវិទ្យាល័យអន្តរជាតិ នៃអង្គការ UNESCO ហៅកាត់ថា IAU ដែលមានសាកលវិទ្យាល័យជាង ៦០០ជាសមាជិក មកពីប្រទេសចំនួន១៣០ នៅទូទាំងពិភាពលោក៕