(ខេត្តសៀមរាប)៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំកម្មវិធីដាក់ឱ្យដំណើរការឡើងវិញសាលប្រជុំ និងបណ្ណាល័យ កម្ពុជា-ចិន មិត្តភក្តីលើផ្លូវសូត្រ ដែលជាអំណោយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ថ្លែងទៅកាន់ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រទេសចិន និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី សាលាបឋមសិក្សាស្វាយធំដែលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតគឺ សាលប្រជុំ បណ្ណាល័យ សួនកំសាន្ត ទីធ្លាវាយប៉េងប៉ុង វាយសី និងបាល់បោះ បន្ថែមពីលើអគារសិក្សាកម្ពស់១ជាន់ ដែលមានបន្ទប់សិក្សាចំនួន៥បន្ទប់ ដែលបានសាងសង់កាលពីឆ្នាំ២០១៦។ សាលាបឋមសិក្សាស្វាយធំបានដំណើរការតាំងពីឆ្នាំ១៩៧៩មក ហើយនៅឆ្នាំសិក្សា២០២៣-២០២៤ ថ្នាក់រៀនបឋមសិក្សាមានចំនួន ៣៤ថ្នាក់ និងមត្តេយ្យសិក្សាមាន ១៦ថ្នាក់ ដោយសិស្ស មត្តេយ្យមានចំនួន ៤៣៩នាក់ក្នុងនោះកុមារីមានចំនួន ២១៤នាក់។ ដោយឡែក សិស្សសរុបកម្រិតបឋមសិក្សាមានចំនួន ១៤៥០នាក់ ក្នុងនោះសិស្សស្រីមានចំនួន ៦៨៦នាក់ ហើយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនសរុបមានចំនួន៥៧នាក់ក្នុងនោះមាន អ្នកគ្រូចំនួន៥១នាក់។ លោកអភិបាលរងក៏បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងកៀរគរបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន រួមមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មូលនិធិ Peace Land មន្ទីរពេទ្យបេះដូង Fuwai អង្គការ YUNDI របស់ខេត្តយូណាន ដើម្បីចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជន និងសិស្សានុសិស្សនៅក្នុងខេត្តសៀមរាប។

លោក Xu Jianguo អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានមានប្រសាសន៍ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទើបមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានអនុវត្តគម្រោងផ្លូវសូត្រជាង ១០គម្រោង ដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយរួមមាន គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិនដើម្បីកាត់បន្ថយភាពក្រីក្រ គម្រោងទឹកស្អាត និងគម្រោងអគារសិក្សា"មិត្តភក្តិលើផ្លូវសូត្រ" រួមជាមួយគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលប្រើប្រាស់ថវិកាសរុបជាង ៤០លានយាន់ចិន ដោយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១០ម៉ឺននាក់ ហើយបានរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់ "ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន" នៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន។

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងបានរំលេចថា ក្នុងឆន្ទៈដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន ក៏ដូចជារួមកម្លាំងជាមួយបណ្តាអង្គការសង្គមស៊ីវិល សហជីពនានាក្នុងប្រទេសកម្ពុជា និងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មក្នុងវិស័យសង្គមស៊ីវិល វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកៀរគរអង្គការសង្គមស៊ីវិលនានា ដើម្បីចូលរួមចំណែកជាដៃគូសហការជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន៕