(ភ្នំពេញ)៖ បុរសជាកម្មករធ្វើពិដានម្នាងសិលាម្នាក់ បានធ្លាក់ពីលើរថយន្តស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារត្រូវខ្សែចងម្នាងសិលា ដែលកំពុងដឹងលើរថយន្តនោះ ដាច់ ដួលមកប៉ះបណ្ដាលឲ្យ បោកក្បាលនឹងថ្នល់ស្លាប់តែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចយានដ្ឋានជួសជួលរថយន្ត «ហេងងួន» ផ្លូវ២២៩ កែងផ្លូវ២០២ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ១បាំងកន្លះពាក់ស្លាកលេខបាត់ដំបង 2A-4564 ដឹកម្នាងសិលាជាច្រើនសន្លឹក បើកបរតាមបណ្តោយតាមបណ្ដោយផ្លូវ ២០២ ក្នុងទិសដៅ ពីលិចទៅកើត ដោយជនរងគ្រោះនៅអង្គុយពីក្រោយ លុះដល់ចំណុចកើតហេតុ រថយន្តក៏បត់ឆ្វេងទៅទិសខាងជើង។ ពេលបត់ឆ្វេង និងឡើងពំនូក ក៏បានធ្វើឲ្យដាច់ខ្សែចងម្នាងសិលានោះ ហើយត្រូវម្នាងសិលាដួល មកសង្កត់ជនរងគ្រោះធ្លាក់ពី លើរថយន្តបោកក្បាលស្លាប់តែម្តង។
មន្ត្រីនគរបាលបានឲ្យដឹងថា អ្នកបើកឈ្មោះផល សំណាង អាយុ៥៧ឆ្នាំ មុខរបរមេជាងពិដានផ្ទះស្នាក់នៅ ជាមួយប្អូនស្រីនៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវបាននគរបាលឃាត់ខ្លួន។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ាប់ មករា អាយុ២៥ឆ្នាំ មុខរបរកម្មករស្នាក់នៅ ភូមិកណ្តាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទើបមកធ្វើការបានត្រឹមតែ៣ទៅ៤ថ្ងៃប៉ុណ្ណោះ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។
អ្នកបើករថយន្តឈ្មោះផល សំណាង បានឲ្យដឹងថា មុនកើតហេតុគាត់ បានដឹកម្នាងសិលាចំនួន ១៥បន្ទះចេញពីផ្ទះលេខ ១A ផ្លូវម៉ៅសេទុង មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់ទី៣ ក្នុងគោលបំណងយកទៅធ្វើផ្ទះ ឲ្យគេនៅម្តុំហាងលក់មាស ពេជ្រនៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ ដោយបើកបររថយន្តតាមបណ្តោយផ្លូវ២០២ ក្នុងទិសដៅពីលិចមកកើត លុះពេលបើកបរមកដល់ ចំណុចកើតហេតុកើត ពោលគឺនៅពេលបើករថយន្តឡើងពំនូកផ្លូវក៏បានធ្វើឲ្យដាច់ខ្សែចងម្នាងសិលានោះ ហើយត្រូវម្នាងសិហាដួលមកសង្កត់ ជនរងគ្រោះធ្លាក់ពីលើរថយន្ត បោកក្បាលស្លាប់តែម្តង។ លើករណីនេះកម្លាំងនគរបាល ខណ្ឌទួលគោក បានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕