(ភ្នំពេញ)៖ អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង តំណាងក្រុមគ្រួសារសពសីលវិសុទ្ធសិរីរចនា នាង ហ៊ុច អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់ម្រងផ្កា និងជូនសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ សីលវិសុទ្ធសិរីរចនា នាង ហ៊ុច អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។

ទឹកចិត្តដ៏ថ្លៃថ្លា និងកាយវិការដ៏ប្រពៃខាងលើនេះ គឺជាកម្លាំងចិត្តដ៏ធំធេង និងជាសមានចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសាររបស់យើងខ្ញុំ។

សីលវិសុទ្ធសិរីរចនា នាង ហ៊ុច អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ១៨នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យសព និងបុណ្យខួបគម្រប់ ៧ថ្ងៃនិង ១០០ថ្ងៃ បានប្រព្រឹត្តទៅនិងបញ្ចប់ដោយរលូនសមរម្យតាមគន្លងប្រពៃណីខ្មែរនិងព្រះពុទ្ធសាសនា។

យើងខ្ញុំសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវកិត្តិយសទាំងអស់ និងសូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះ យើងខ្ញុំគោរពសូមការយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះបំផុត ចំពោះកំហុសឆ្គងជាយថាហេតុក្នុងប្រការណាមួយ៕