(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងរ៉ែ និងថាមពល បានរៀបចំសិក្ខាសាលាមួយ ស្ដីពី «គោលនយោបាយ ចក្ខុវិស័យ និងសកម្មភាព របស់ក្រសួងរ៉ែ និងថាមពល ដោយផ្ដោតលើវិស័យរ៉ែ» ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជាពិសេសយុវជន ជានិសិ្សត មន្ដ្រីរាជការទាំងអស់។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ជាវាគ្មិន និងលោក ឆែ លីឌីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន ព្រមទាំងនិស្សិត មន្ដ្រីរាជការ សង្គមស៊ីវិល ក្រុមហ៊ុនឯកជនដែលធ្វើការលើវិស័យប្រេងកាត ប្រមាណជាង១០០នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន យុវជន ជានិស្សិត មន្ដ្រីរាជការ អ្នកបម្រើការតាមអង្គការសង្គមស៊ីវិលទាំងឡាយ ឲ្យបានស្គាល់ និងយល់ដឹងអំពីក្រសួងរ៉ែ និងថាមពល ថាតើក្រសួងមានមុខងារភារកិច្ច និងបេសសកម្មលើវិស័យណាខ្លះ? តើក្រសួងមានចក្ខុវិស័យ គោលដៅជាយុទ្ធសាស្ដ្រ និងផែនការអភិវឌ្ឍន៍វិស័យទាំងនោះយ៉ាងដូចម្ដេច?

ជាងនេះទៅទៀត សិក្ខាសាលានេះមានគោលបំណងបង្ហាញអំពីបេសកកម្ម យុទ្ធនាការ និងនិន្នាការនានា ដែលក្រសួងបានដាក់ចេញនិងអនុវត្តនាពេលថ្មីៗកន្លងទៅ ហើយសិក្ខាកាមនឹងទទួលបានព័ត៌មានទូទៅអំពីស្ថានភាពរ៉ែនៅកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។

សូមបញ្ជាក់ថា សម្រាប់អ្នកដែលបានចូលរួម ហើយបានឆ្លើយសំនួរត្រូវច្រើនជាងគេ២០នាក់ នឹងទទួលបានឱកាសចុះទស្សនកិច្ចសិក្សា ពិនិត្យសកម្មភាពបូមខ្សាច់តាមដងទន្លេមេគង្គ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ៕