(តូក្យូ-ជប៉ុន)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃអាទិត្យ ទី ១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

កិច្ចប្រជុំកំពូលនេះ បានពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំកន្លងមក និងបានពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងជប៉ុន បានអនុម័តលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម និងផែនការអនុវត្តរបស់ចក្ខុវិស័យនេះ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន និងជប៉ុន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលទើបដាក់ចេញ ឱ្យមានអត្ថន័យ មានសារៈសំខាន់ជាដុំកំភួន និងមានប្រយោជន៍ទៅវិញទៅមក។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសរំលេចអំពីសមិទ្ធផលរយៈពេល ៥០ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ព្រមទាំងទាំងបានដាក់ចេញចក្ខុវិស័យរបស់គាត់ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់អាស៊ាន ជាមួយប្រទេសជប៉ុន ស្របពេលដែលអាស៊ាន និងជប៉ុន ទើបបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។

ហើយនៅរសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Parnpree Bahiddha-Nukara ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកបណ្ឌិត ក្នុងឱកាសដែលគាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ព្រមទាំងបានគូសបញ្ជាក់ពីការចូលរួមចំណែកដ៏មានសារៈសំខាន់របស់ប្រទេសថៃ ក្នុងការនាំមុខកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីពង្រឹងភាពជាដៃគូដើម្បីនិរន្តរភាព ព្រមទាំង ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) នៅក្នុងតំបន់អាស៊ាន ជាដើម។

ដោយឡែកនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ដដែលលោកបណ្ឌិត កៅ គឹមហួន បានពិភាក្សាការងារជាមួយលោក Kono Taro រដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលរបស់ជប៉ុន។

នៅក្នុងជំនួបនោះលោករដ្ឋមន្ត្រីជប៉ុន បានជម្រាបជូនលោកអគ្គលេខាធិការអាស៊ាន អំពីគោលបំណងក្នុងការសហការរៀបចំ ជាមួយប្រទេសសិង្ហបុរី នូវសម័យប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីអភិបាលកិច្ចទិន្នន័យនៅក្នុងអាស៊ី នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន នៅខែកុម្ភៈ នៅប្រទេសសិង្ហបុរី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈដើម្បីរិះរកវិធីដើម្បីឱ្យអាស៊ាន និងជប៉ុន អាចពង្រឹងកិច្ចសហការ ក្នុងវិស័យបរិវត្តកម្មឌីជីថល ជាដើម។

នៅល្ងាចថ្ងៃទី១៧ ខែធ្នូដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍សម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៕