(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីអគ្គីភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រ JUNTY BRITHING ផលិតអំពូល ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង វ៉ន រ៉េន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកបកប្រែ (តំណាងរោងចក្រ)។ ប្រភេទសំណង់ ថ្មប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ គុណ៣០ម៉ែត្រ ខណៈការខូចខាតឆេះអគារទំហំ ២០ម៉ែត្រ គុណ៣០ម៉ែត្រ ចំនួន១អគារខូចខាត២០% និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

សមត្ថកិច្ចបានបន្ថែមទៀតថា ក្នុងប្រតិបត្តិការជួយសង្គ្រោះ រថយន្ដការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹក១៦ឡាន, រថយន្ដកងពលតូចលេខ៧០ ចំនួន៤គ្រឿង ប្រើប្រាស់ទឹក៣ឡាន, រថយន្តអគ្គិភ័យជ្រោយចង្វារ ចំនួន៥គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តអគ្គិភ័យកាណាឌីយ៉ា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។ ដោយឡែក សម្រាប់មូលហេតុវិញ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕