(ភ្នំពេញ)៖ ក្រោយការសួរដេញដោលពេញមួយព្រឹកថ្ងៃទី២៣ ខែសីហា រួចមក លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចបំបែកសំណុំរឿងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ១១រូប ជាពីរករណី។
មន្ត្រីនិងសកម្មជនបក្សប្រឆាំង ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៧ឆ្នាំ ទៅ២០ឆ្នាំ ករណីដឹកនាំកុបកម្មនិងចូលរួមចលនាកុបកម្ម បង្កឲ្យមានអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។
មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា មេធាវីការពារជនជាប់ចោទទាំង១១រូប បានប្តឹងមកសាលាឧទ្ធរណ៍ ដោយមានកម្មវត្ថុសំខាន់ចំនួនពីរ ទី១ ប្តឹងប្រឆាំងសាលក្រម សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសកូនក្តីទាំង១១រូប ចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំ និង ប្តឹងមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
កម្មវត្ថុទាំងពីរនេះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចបំបែកជាពីរករណី ហើយសវនាការនឹងធ្វើឡើងនាពេលក្រោយ ដោយពុំទាន់កំណត់ពេលវេលា៕