(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ សហការជាមួយអង្គការ JASA នៃប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ NAKAGAWA Takeshi បាននាំសិស្សានុសិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សានគរក្រៅ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ចំនួន៣០នាក់ មកទស្សនកិច្ចសិក្សាស្វែងយល់និងហ្វឹកហាត់គូររូបប្រាសាទ និងចម្លាក់នៅប្រាសាទបាយ័ន។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងបញ្រ្ជាបអំពីតម្លៃនៃមរតកវប្បធម៌ដល់សិស្សនៅកម្រិតបឋមសិក្សា ដែលមានឪពុកម្តាយ តាយាយ បម្រើការក្នុងការដ្ឋានអភិរក្សនិងជួសជុលនៅក្នុងស្ថាប័ន JASA និងអាជ្ញាធរជាតិអប្សរា។

លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា មានរយៈពេលជិត៣០ឆ្នាំមកហើយ ដែលស្ថាប័ន JASA នៃប្រទេសជប៉ុន បានចូលរួមជួយការងារជួសជុលអភិក្សនៅក្នុងប្រាសាទបាយ័ន។ លោកថា គម្រោងរបស់អង្គការ JASA មួយនេះ ក្រៅពីការងារជួសជុលប្រាង្គប្រាសាទ ក៏បានយកចិត្តទុកដាក់គិតគូរទៅលើការរស់នៅរបស់សហគមន៍ ជាពិសេសការបង្ហាញទៅកាន់មនុស្សជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌អង្គរ។

លោកបានបន្តថា ដោយមើលឃើញអំពីគោលដៅរួមគ្នា ក្នុងពេលកន្លងមកអាជ្ញាធរជាតិអប្សរា និងអង្គការ JASA បានរួមសហការគ្នា ផ្តល់ការបណ្តុះបណ្តាលជារឿយៗដើម្បីបង្ហាញដល់កុមារ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌអំពីការបន្តកេមរតក ក្នុងការគ្រប់គ្រង និងបន្តថែរក្សាបេតិកភណ្ឌអង្គរ ស្របនិងកម្មវិធីអប់រំបេតិកភណ្ឌ ដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តក្នុងពេលសព្វថ្ងៃនេះ។

លោកសាស្រ្តាចារ្យ NAKAGAWA Takeshi បានលើកឡើងថា អង្គការ JASA នៃប្រទេសជប៉ុន រៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងឱ្យយុវជនជំនាន់ក្រោយបានជ្រាបច្បាស់អ្វីដែលជារបស់ដូនតាខ្មែរបានបន្សល់ទុក និងចេះស្រលាញ់ប្រាសាទបុរាណ។

លោកសាស្រ្តាចារ្យ បានបន្តថា ចំពោះការងារនេះលោកនិងខិតខំបន្ថែមទៀតក្នុងការសហការជាមួយអ្នកជំនាញមុនៗបន្ថែមទៀត ដើម្បីយកចំណេះទាំងនេះមកបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយៗបន្តទៀត៕