(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមរត់ប្រណាំងរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ចំនួន៣៥នាក់ ដែលជាថ្នាក់ដឹកនាំ និងនិយោជិតក្រុមហ៊ុន បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ដើម្បីអនាគត ចម្ងាយ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ក្នុងតំបន់អភិវឌ្ឍន៍ ING CITY ដែលមានអ្នកចូលរួមសរុបប្រមាណ ១២០០នាក់។ ការរត់ប្រណាំងនេះចាប់ផ្ដើម និងបញ្ចប់ការរត់នៅលើមហាវិថី ឈុន គង់ ត្រង់ចំណុចផ្សារទំនើបអ៊ីអនមានជ័យ និងរត់កាត់លើមហាវិថី សម្ដេច ហ៊ុន សែន ផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំដោយក្លឹបSUSU ក្លឹបKKRC និងក្លឹបSheRuns ព្រមទាំងសហការផ្ដល់ទីតាំងរៀបចំដោយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ហើយថវិកាដែលបានពីការរត់ប្រណាំងនេះនឹងផ្ដល់ជូនទៅសាលាបរិបូរសម្រាប់នារី មជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ និងមណ្ឌលកុមារផ្ទះក្លារ៉ា។

សូមបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ដំបូងបង្អស់នៅកម្ពុជា ដែលផ្ដល់ជូននូវ ៦វិញ្ញាសាតាមក្រុមអាយុដែលមានពានរង្វាន់ និងប្រាក់រង្វាន់សម្រាប់ កុមារអាយុក្រោម ១៨ឆ្នាំ (ស្រីនិងប្រុស) ក្រុមមហាជនទូទៅអាយុពី១៨ឆ្នាំ ដល់៥០ឆ្នាំ (ស្រីនិងប្រុស) និងក្រុមជើងចាស់អាយុលើស ៥០ឆ្នាំ (ស្រីនិងប្រុស)៕