(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បន្តអំពាវនាវដល់ ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានាដើម្បីបំរុងទុកសម្រាប់ការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺឱ្យបានគ្រប់គ្រាន់។

លោកស្រី មុត រតនាមន្ត្រីផ្នែកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការបរិច្ចាគឈាមនៅមានកម្រិតនៅឡើយ ហេតុដូច្នេះហើយលោកស្រីបានបន្តអំពាវនាវដល់ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានាបង្កើតកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះឡើងឱ្យបានច្រើនដើម្បីជួយសង្គ្រោះអ្នកដែលមានតម្រូវការឈាមចាំបាច់។

លោកស្រីបន្តថា «ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពមួយដែលល្អបំផុត ព្រោះបច្ចុប្បន្នមានអ្នកដែលមានតម្រូវការឈាមកាន់តែច្រើន ជាពិសេសអ្នកដែលមានគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវការឈាមបន្ទាន់ៗ ដូច្នេះយើងត្រូវបម្រុងឈាមសំរាប់ពួកគាត់»

លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ក្រុមហ៊ុន ជីហ្គៀ គ្រុប តែងតែសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបរិច្ចាគឈាម ដើម្បីបំពេញតម្រូវការឈាមនៅតាមមន្ទីរពេទ្យនានា ជួយសង្គ្រោះជីវិត និងលើកស្ទួយសុខុមាលភាពមនុស្សជាតិ។

លោកបន្តថា «ការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមនេះគឺយើងមានបំណងចង់ធ្វើជាគំរូក៏ដូចជាការណែនាំឱ្យបុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់យល់ដឹងអំពីការបរិច្ចាគឈាម និងមានទឹកចិត្តចែករំលែកក្តីស្រលាញ់ទៅកាន់អ្នកដ៏ទៃ ឬសហគមន៍របស់ខ្លួនតាមរយៈកម្មវិធីនេះ ខណៈដែលតម្រូវការឈាមនៅតែមាន ហើយវាចាំបាច់បំផុតសំរាប់អ្នកជំងឺ»

លោកបន្ថែមថា បើទោះបីជាក្រុមហ៊ុនជីហ្គៀ គ្រុប ជាក្រុមហ៊ុនឯកជនក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនតែងតែជំរុញលើកទឹកចិត្តបុគ្កលិកឱ្យចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្តព្រោះវាល្អទាំងសុខភាពរបស់ពួកគាត់ និងមានអត្ថប្រយោជន៍ចំពោះបងប្អូន មិត្តភិក្ត ក្រុមគ្រួសារ និងសហន៍របស់ពួកគាត់។ ម្យ៉ាងវិញទៀតសកម្មភាពនេះជាគំរូភាពមួយដែលបង្ហាញថាពួកគេអាចធ្វើធ្វើការសំរាប់សហគមន៍របស់ពួកគេ និងប្រជាជនរបស់ពួកគេផងដែរ៕