(ភ្នំពេញ)៖​ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២៣​ ដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិត យកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់។

បន្ថែមពីលើនេះលោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានចូលរួមអបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែម ពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។

សូមជម្រាបដែរថា និស្សិតអាហារូបករណ៍ទាំង ៣៥រូប នឹងត្រូវបន្ដការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៅប្រទេសអូស្ត្រាលី។ ក្នុងនោះ មានមន្ត្រីរាជការមកពី ក្រសួងនានា វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដែលនឹងត្រូវសិក្សាលើមុខជំនាញ រួមមាន៖ គោលនយោបាយសាធារណៈ គ្រប់គ្រងវិទ្យាសាស្ត្រ និងវិស្វកម្ម គ្រប់គ្រងគម្រោង នីតិអន្តរជាតិ អប់រំសាធារណៈ សហគ្រិនភាព និងនវានុវត្តន៍ គ្រប់គ្រងគម្រោង ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ការរចនាទីក្រុង ការគ្រប់គ្រងសាធារណៈ គោលនយោបាយសាធារណៈ និងសុខភាពសាធារណៈ៕