(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានសម្រេចឲ្យប្រើប្រាស់ Logo ថ្មី ដែលមានរូបថ្នាក់ដឹកនាំចំនួន៣រូប គឺ មាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤ និងការឃោសនាបោះឆ្នោតខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវប្រធាន គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ មេត្តាជ្រាបថាៈ សម្រាប់ការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករាខាងមុខនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចឱ្យប្រើប្រាស់ Logo ថ្មីដែលមានរូបសម្តេចទាំងបី ដូចជូនភ្ជាប់ជាមួយ។ រូបសម្តេចទាំងបី ខាងលើនេះក៏ត្រូវបន្តប្រើប្រាស់ទៅមុខទៀតសម្រាប់ការឃោសនាបោះឆ្នោតទាំងសកល និងអសកលផងដែរ»។