(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការពិនិត្យវះកាត់ភ្នែក ជូនប្រជាពលរដ្ឋក្រីក្រ ដោយគិតថ្លៃ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
លោករដ្ឋមន្ដ្រីបានថ្លែងថា មន្ទីរពេទ្យរុស្ស៊ី បានសហការជាមួយនឹងសមាគមចក្ខុកម្ពុជាអន្ដរជាតិដើម្បី រៀបចំពិនិត្យភ្នែក ឲ្យប្រជាពលរដ្ឋដែលក្រីក្រ មកពិនិត្យ និងវះកាត់បាយភ្នែកដោយឥតគិតថ្លៃ រយៈជិត២សប្ដាហ៍មកហើយ ចាប់ពីថ្ងៃទី១៥ -២៤ ខែសីហា ឆ្នាំ២០១៦ ហើយសម្រាប់ការវះកាត់ភ្នែកនេះ វេជ្ជបណ្ឌិត បានពិនិត្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងសុខភាពរាងកាយ ការពិសារ និងបញ្ហាផ្សេងៗទៀត ពិសេសនោះ គឺមានការធ្វើសំណុំបែបបទត្រឹមត្រូវ មុននឹងធ្វើការវះកាត់ ។
លោករដ្ឋមន្ដ្រី ថ្លែងបន្ដថា «សម្រាប់ការវះកាត់វិញ កាន់តែពិសេស ព្រោះថា មានឧបករណ៍ដ៏ទំនើបៗជាច្រើនគ្រឿងសម្រាប់ធ្វើការវះកាត់ រួមបញ្ជូលជាមួយនឹងបច្ចេកទេស និងបទពិសោធន៍ បានធ្វើឲ្យប្រជាពលរដ្ឋទទួលផាសុខភាព១០០% ហើយខ្ញុំសូមថ្លែងអំណរគុណដល់ សមាគមចក្ខុកម្ពុជាអន្ដរជាតិ ដែលចំណាយពេលវេលាកម្លាំងកាយចិត្ដ ក្នុងការយកចិត្ដទុកដាក់ខ្ពស់ដល់ការពិនិត្យ និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋកម្ពុជា ហើយសង្ឃឹមថានៅពេលក្រោយទៀត និងបន្ថែមនូវសម្ភារៈទំនើបនឹងផ្ដល់ម៉ាស៊ីនដល់មន្ទីរពេទ្យផងដែរ» ។
ព្រមជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ងី ម៉េង «ប្រធានមន្ទីរពេទ្យមិត្ដភាពកម្ពុជា-សូវៀត បានថ្លែងថា បានគិតមកត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ប្រពលរដ្ឋយើងបានមកព្យាបាលនិងវះកាត់ ជិត៨០០រយនាក់ហើយ ដោយឥតគិតថ្លៃ ដែលនេះជាឱកាសពិសេសណាស់ សម្រាប់ពលរដ្ឋកម្ពុជា ដែលទទួលបានសេវាកម្មវះកាត់យ៉ាងល្អឥតខ្ចោះ ពីវេជ្ជបណ្ឌិតជំនាញៗ និងពិសោធន៍យូរឆ្នាំ នៅអូស្រ្ដាលី បានចុះមកពិនិត្យ និងវះកាត់ដល់ពួកគាត់ ហើយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជាដោយមិនគិតកម្រៃ ព្រោះថាបើគិតជាថវិកាព្យាបាល ក្នុងម្នាក់ៗចំណាយអស់ប្រមាណ ជាង៣ពាន់ដុល្លារឯណោះ»។
ទន្ទឹមនឹងនោះប្រធានជំនួយមនុស្សធម៌ទ្រទ្រង់សុខភាពអូស្ដ្រាលី លោក Wiliam Trinh បានឡើងផងដែរថា លោកមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលមានឱកាស ជួយពិនិត្យព្យាបាលជំងឺពលរដ្ឋកម្ពុជា រយៈពេលកន្លងមកនេះ ហើយខ្ញុំ និងវេជ្ជបណ្ឌិតរបស់ពួកយើងទាំងអស់គ្នាក៏ដូចគ្នាដែរ ពិសេសនោះគឺមានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រសួងសុខាភិបាលកម្ពុជា ដែលដឹកនាំដោយលោករដ្ឋមន្ដ្រីម៉ម ប៊ុន ហេង ដែលតែងតែខិតខំប្រឹងប្រែង និងសហការគ្រប់ពេលវេលា ។
សម្រាប់លោក ង៉ូវ ស្រ៊ុន ជាស្ថាបនិកនៃសមាគមចក្ខុកម្ពុជាអន្ដរជាតិ ក៏បានថ្លែងដែរថា លោករីករាយស្វាគមន៍ដល់ការជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋកម្ពុជា ពិសេសផ្នែកភ្នែកនេះតែម្ដង ហើយ នឹងបន្ដសកម្មភាពនេះ បន្ដទៀត នៅឆ្នាំក្រោយៗទៀត ក្រោយពីចុះកិច្ចព្រមព្រៀងសហការគ្នាកន្លងមកនេះ។
ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកទទួលយកសេវាកម្មពិនិត្យ និងវះកាត់បាយភ្នែកដោយ ឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៊ី ដែលសហការជាមួយនឹងសមាគមន៍ចក្ខុកម្ពុជាអន្ដរជាតិ ដែលមានរយៈជិតពីសប្ដាហ៍មកនេះមកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ មន្ទីរពេទ្យរុស្ស៊ី និងសមាគមចក្ខុកម្ពុជាអន្ដរជាតិ បានពិនិត្យ និងវះកាត់បាយភ្នែក ជូនប្រជាពលរដ្ឋជាងជិត៤០០នាក់ ហើយរហូតមកដល់ថ្ងៃនេះ គឺជិត៨០០នាក់ ដែលបានមកទទួលការព្យាបាល និងវះកាត់ភ្នែកនេះដោយមិនគិតកម្រៃនេះ៕