(កែប)៖ នៅព្រឹកថ្ងៃ១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ី វ៉ាន់ ប្រធានក្រុមគ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី៦ តំណាងសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងទទួលបានការផ្តល់កិត្តិយសចូលរួមពី សំណាក់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីអាហារសាមគ្គី ដែលរៀចំដោយគណៈគ្រប់គ្រងនៃ អ.ម.ត ក្រុម ៦។

ក្នុងឱកាស​នៃការបើកកម្មវីធីទស្សនកិច្ចសិក្សា ដែលមានការចូលរួមពីនិស្សិតចំនួនប្រមាណ ១៧០នាក់ ដឹកនាំដោយសាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទ​និតិសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ លោក​បណ្ឌិត​ ម៉ី​ វ៉ាន់​ បានថ្លែង​អំណរគុណ​ សម្តេច​បរវធិបតីប្រធានសមាគម​ ដែលតែងតែយកចិត្តទុកដាក់​ អាណិត​ស្រលាញ់ដល់និសិ្ស​ត​ និង​អរគុណ​ក្រុមការងារដែលខិតខំលះបង់​ ទាំងពេលវេលា​ កំលាំងកាយចិត្ត​ និងធនធានដើម្បីរៀបចំកម្មវិធីនេះឡើង។​

ឆ្លៀត​ឱកាស​នេះដែរ ​លោក​បណ្ឌិត​ គុណ​ ញឹម​ ក៏​បានផ្តល់​ឱវាទ​ណែនាំ​ដល់ប្អូនៗនិស្សិត​ ពីតម្លៃនៃសន្តិភាព​ និងការអភិវឌ្ឍ​និងអរគុណ​រាជរដ្ឋាភិបាល​ ក៏ដូចជាក្រុមការងារដែលបាន​ផ្ដួចផ្ដើម​រៀបចំកម្មវិធីនេះឡលង។ ទស្សនកិច្ចសិក្សានេះ គឺមានគោលបំណងរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងក្រុមនិស្សិតដែលបានទទួលអាហារូបករណ៍ពី​ អ.ម.ត.​ ឱ្យប្អូនៗនិស្សិតបានសម្រាកលំហែពីការសិក្សា​ ក៏ដូចជាបានផ្តល់ពេលវេលាឱ្យនិស្សិត​ អ.ម.ត.​ បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព ស្រលាញ់រាប់អាន និងចេះជួយយកអាសារគ្នាទៅវិញទៅមក​។​
ទស្សនកិច្ច​សិក្សា​បានបញ្ចប់ដោយភាពរីករាយ​ និងភាពសាមគ្គី​ ជាទីបញ្ចប់និស្សិតទាំងអស់បាន​ប្តេជ្ញាថា នឹងត្រឡប់​ទៅខិតខំសិក្សាដើម្បី​ ​តបស្នងគុណដល់​ សម្តេចតេជោ​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់​អាហារូបករណ៍​ ដល់ខ្លួន៕