(សៀមរាប)៖ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូធំឆ្នាំ២០២៣ គឺជាការបើកទំព័រថ្មីមួយទៀតក្នុងការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា នៅក្នុងដំណាក់កាលនៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្រោយពីទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេលជាង ៣ឆ្នាំ។

លោក គុជ បញ្ញាសា បានបន្ថែមថា ទាំងនេះសបញ្ជាក់ឱ្យឃើញអំពីទំនុកចិត្ត និងភាពជឿជាក់លើគោលដៅទេសចរណ៍កម្ពុជា ថាជាគោលដៅដែលប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព ដែលធានាបាននូវការការពារ និងសុវត្ថិភាពជូនដល់គ្រប់ភ្ញៀវទេសចរ ពិសេសបានជំរុញការស្តារ និងដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញ ប្រកបដោយភាពវិជ្ជមាន និងបានធ្វើឱ្យប្រទេសកម្ពុជាទទួលបានប្រសិទ្ធនាមថា កម្ពុជា ក្លាយជាគោលដៅ ទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនដល់គ្រប់ភ្ញៀវទេសចរ។

លោក គុជ បញ្ញាសា បានថ្លែងយ៉ាងដូចនេះ នាឱកាសតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកម្មវិធី ជំនួបក្រុមម៉ូតូធំ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក្លឹបម៉ូតូធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា ក្លឹប SEDARAH MC Cambodia និងក្លឹប Friendly Bikers Cambodia ព្រមទាំងមានការចូលរួមពីក្លឹបម៉ូតូធំៗ នៃបណ្ដាប្រទេសមួយចំនួន ដូចជា ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី ដែលមានម៉ូតូសរុបប្រមាណ ៥០០ គ្រឿង អ្នកចូលរួមជិះម៉ូតូធំ ប្រមាណ៧០០ នាក់ ។

ការរៀបចំព្រឹត្តិការណ៍ ជំនួបម៉ូតូធំ នេះឡើងក្នុងគោលបំណងផ្សព្ចផ្សាយពីគោលដៅទេសចរណ៍ទាក់ទាញ ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពពីកម្ពុជាដល់ពិភពលោក និងគៀងគរសប្បុរសជនចូលរួមមូលនិធិបរិច្ចាកថវិកាដល់មន្ទីរពេទ្យគន្ធបុប្ចាផងដែរ។

លោក គុជ បញ្ញាសា បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកបន្តវេនបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍និងសនិ្តភាព និងដែលត្រូវបានប្រជាជនស្គាល់ថា ជាឥស្សរជនថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយដ៏ឆ្នើមមួយរូបរបស់កម្ពុជាដែលពោរពេញដោយសមត្ថភាព បានចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសមរភូមិជំងឺកូវីដ-១៩ ជាពិសេសបានប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅគោលដៅទេសចរណ៍ដ៏ធំទាំងពីរ ទាំងនៅសៀមរាប និង នៅក្រុងព្រះសីហនុ។ 

ពិសេសថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តឆ្នាំ២០២៤ ជា «ឆ្នាំទស្សនាខេត្តសៀមរាប» ដើម្បីធ្វើការទាក់ទាញទេសចរណ៍អោយមកទស្សនាខេត្តសៀមរាបកាន់តែច្រើនថែមទៀត។

លោក គុជ បញ្ញាសា បានបញ្ជាក់ទៀតថា ការទាក់ទាញទេសចរណ៍ប្រកបដោយគុណភាព គឺអាស្រ័យលើគុណតម្លៃដ៏វិសេសនៃបេតិកភណ្ឌវប្បធម៌ពិភពលោក និងតំបន់ជុំវិញ រាប់ទាំងទីក្រុងសៀមរាប ដែលចាំបាច់ត្រូវតែរក្សាឱ្យបានជាទីក្រុងបេតិកភណ្ឌ។ រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍតំបន់គោលដៅដ៏ទាក់ទាញ ៤ ទៀត គឺ តំបន់ទន្លេសាប, តំបន់ភ្នំគូលែន, តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី និងបង្កើតតំបន់ទេសចរណ៍ សៀមរាបថ្មី មួយទៀត។ 

ទន្ទឹមនេះ អ្វីដែលជាសមិទ្ធផលគួរជាទីមោទនៈដែលនឹងចូលរួមសម្រេចបាននូវការលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលនោះគឺការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅនោះ។

ក្នុងឱកាសនេះ លោក គុជ បញ្ញាសា ក៏សង្ឃឹមជឿជាក់ជាក់ថា នៅឆ្នាំក្រោយព្រឹត្តិការណ៍ជួបជុំគ្រួសារម៉ូតូធំនឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត និងសូមឱ្យគ្រួសារម៉ូតូធំទាំងអស់ស្នាក់នៅលើទឹកដីអច្ឆរិយៈនេះប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅ និងត្រលប់ទៅវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា៕