(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅវិមាន៧មករា។

អង្គប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់កណ្តាល ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត ប្រមាណជាង១ពាន់នាក់។

គួរបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ បានបិទបញ្ចប់ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលប្រកបដោយជោគជ័យ។ មហាសន្និបាតវិសាមញ្ញ ធ្វើឡើងនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។

នៅក្នុងមហាសន្និបាត គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតបន្ថែមសមាជិកថ្មីគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន២៣រូប និងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន៤៩៦រូប ដែលធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កើនដល់ចំនួន១៣១២នាក់។ ជាមួយគ្នានោះ ក៏មានការបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលចំនួន៧រូបផងដែរ។

អង្គសន្និបាត បានពិភាក្សានិងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៣ និងទិសដៅភារកិច្ច ឆ្នាំ២០២៤»។ មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ កម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើនទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្ដី។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីសម្រេចចិត្តចំនួន៩ចំណុចផងដែរ៕