(សឹង្ហបុរី)៖ ដោយមានការអញ្ជើញ ពីការិយាល័យកម្មសិទ្ធិបញ្ញា នៃប្រទេសសឹង្ហបុរី (Intellectual Property Office of Singapore – IPOS) លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិកម្ពុជា ទៅចូលរួមកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញា ក្រោមប្រធានបទ «សន្និសីទសកលអំពីការច្នៃប្រឌិត ដើម្បីពន្លឿនកម្មសិទ្ធិបញ្ញា» ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២២ ដល់២៤ ខែសីហា ឆ្នាំ២០១៦។ ក្នុងនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ប្រកាសបន្តកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នកម្មសិទ្ធបញ្ញាសឹង្ហបុរី ដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា នៅកម្ពុជាឲ្យកាន់តែ មានភាពរីកចម្រើនទៅមុខ។
ក្នុងកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញានេះដែរ ក៏មាននូវកិច្ចប្រជុំជាន់ខ្ពស់ រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយស្ថាប័នកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS) ដោយបានផ្តោតសំខាន់ លើការរៀបចំផែនការសម្រាប់ ការអនុវត្តការងារបន្ត ឆ្នាំ២០១៦ និង២០១៧ ស្តីពីការអនុវត្តអនុស្សារណ:យោគយល់ (MOU) លើកិច្ចសហប្រតិបត្តិការ ទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម (Patent) គ្នាទៅវិញទៅមក ហើយជាលទ្ធផល អង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា លើវិស័យកម្មសិទ្ធឧស្សាហកម្ម ដោយជួយសហការធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យលើប្រកាសនីយបត្រតក្កកម្ម (Patent) ដែលនៅសល់ពីមុន មកមិនទាន់បានត្រួតពិនិត្យ និងជួយសម្របសម្រួល បណ្តុះបណ្តាលមន្ត្រីជំនាញ ឲ្យយល់ដឹងពីនីតិវិធី ទទួលពាក្យសុំជាអន្តរជាតិ នៅពេលកម្ពុជាចូលជា សមាជិកសន្ធិសញ្ញា សហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) នៅពេលខាងមុខ។
បើតាមការឲ្យដឹង ពីមន្ត្រីនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ដឹងថា ពាក់ព័ន្ធនឹងការងារកម្មសិទ្ធបញ្ញានេះ ក្រៅពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសឹង្ហបុរី និងប្រទេសមួយចំនួនទៀត កម្ពុជាកំពុងរៀបចំលិខិតបទដ្ឋាន បច្ចេកទេសនានា ដើម្បីសុំចូលជាសមាជិកនៃសន្ធិសញ្ញា សហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty – PCT) ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) ហើយនៅពេលដែលកម្ពុជា ក្លាយ ជាសមាជិកនៃសន្ធិសញ្ញា អន្តរជាតិមួយនេះ យើងនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការជំរុញវិស័យកម្មសិទ្ធបញ្ញា នៅកម្ពុជា ឲ្យមានសន្ទុះកាន់តែលឿន៕