(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ឈ្មោះ ហេង សួរ ដែលទទួលបានសិទ្ធិវិនិយោគដីទំហំប្រមាណ ១០០ហិកតា នៅបូកគោ ខេត្តកំពត មិនមែនជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ។

សម្តេចធិបតី បានបញ្ជាក់បែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេស បាននាំគ្នាចេញមកវាយប្រហារ​លើរាជរដ្ឋា​ភិបាល និងលោក ហេង សួរ ពាក់ព័ន្ធការផ្តល់សិទ្ធិវិនិយោគលើដីនៅបូកគោ ខេត្តកំពតនេះ។

ជាមួយនឹងការបញ្ជាក់ពីអត្តសញ្ញាណអ្នកទទួលបានសិទ្ធិវិនិយោគដីនៅបូកគោហើយនោះ សម្តេចធិបតី បានឆ្លៀតចំអកទៅក្រុមប្រឆាំងផងដែរថា ព្រោះការតែការចោទប្រកាន់ វាយប្រហារលើរាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋានព័ត៌មានច្បាស់លាស់នេះហើយ ជាហេតុនាំឱ្យក្រុមប្រឆាំងចេះថមថយប្រជាប្រិយភាព និងបាត់ជំនឿជាលំដាប់៕