(ភ្នំពេញ)៖ បេក្ខជនប្រឡងមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ បាននិងកំពុងចូលទៅកាន់មណ្ឌលប្រឡង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីត្រៀមប្រឡងដែលនឹងចាប់ផ្ដើមនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

បេក្ខជនមុនចូលដល់បរិវេណមណ្ឌលប្រឡង ពិសេសមុនចូលបន្ទប់ប្រឡង ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រប់បេក្ខជនទាំងអស់គ្មានសំណៅឯកសារ ឬគ្រឿងអេឡិចត្រូនិចជាប់ខ្លួននោះទេ។

បំរាមហាមខាតនូវសកម្មភាពមួយចំនួនត្រូវបានបញ្ជាក់ក្នុងនោះរួមមាន៖ ការហាមយកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ការហាមប្រព្រឹត្តនៅសកម្មភាពលួចចម្លងតាមគ្រប់ទម្រង់ និងការណែនាំឲ្យអនុវត្តផ្សេងៗ។

បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំ ឬគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយល បូរណភាពរូបរាងកាយមន្ត្រីមានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនឲ្យប្រឡងជាបន្ទាន់ ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់ចូលប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន។

សូមជម្រាបជូនថា ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅវេលាម៉ោង១២៖០០ ថ្ងៃត្រង់នេះ ដោយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា៣ ប្រភេទ៖ ១៖ វិញ្ញាសាសរសេរជំនាញកសិកម្ម, ២៖ វិញ្ញាសាពហុចម្លើយ, ៣៖ វិញ្ញាសារសរសេរភាសាអង់គ្លេស។

បេក្ខជនសរុបចំនួន ៣៣៨១នាក់ នឹងចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕