(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើសារជូនសមាជិក សមាជិការបស់ខ្លួន ក្នុងខួបលើកទី៤៥ឆ្នាំ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣) ជាមួយនឹងមោទនភាពយ៉ាងក្រៃលែងនូវអ្វីដែលសមិទ្ធផលសំខាន់ៗ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងបុព្វហេតុជាតិ មាតុភូមិ។

ក្រោយមហាសន្និបាតលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តបុព្វហេតុ ការការពារ និងប្តេជ្ញារក្សាមិនឲ្យបាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និងបង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។

ស.ស.យ.ក. បានក្លាយជាវេទិកាមួយ ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។

ស.ស.យ.ក. បានសហការ និងស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនងជាមួយ ក្រុមប្រឹក្សាយុវជននៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិជាដៃគូ ដែលតាមរយៈកិច្ចសហការទាំងអស់នេះ បានអនុញ្ញាតឲ្យយុវជនកម្ពុជាកាន់តែមានឱកាសសិក្សារៀនសូត្រ ទទួលការបណ្តុះបណ្តាលការផ្លាស់ប្តូរទស្សនកិច្ច និងបន្ថែមពីលើនោះ គឺការចូលរួមចំណែកដើម្បីពង្រឹងកិត្យានុភាពកម្ពុជានៅកម្រិតតំបន់ និងអន្តរជាតិផងដែរ។

សូមទស្សនាវីដេអូសាររបស់លោក ហ៊ុន ម៉ានី ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖