(ចិន)៖ លោកអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងស៊ីអាន (Xi'an) និងគណៈប្រតិភូ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ចនៅ AIRPORT NEW CITY OF XI XIAN NEW AREA ក្នុងទីក្រុងស៊ីអាន នៃខេត្តសានស៊ី។

លោក Zhang Wei លេខាគណៈកម្មាធិការបក្ស និងជានាយកគណៈកម្មាធិការគ្រប់គ្រងព្រលានយន្តហោះទីក្រុងថ្មី បានទទួលស្វាគមន៍លោកអគ្គកុងស៊ុល និងគណៈប្រតិភូ។

លោក Zhang Wei បានលើកឡើងថា Airport New City ដែលជាផ្នែកមួយដ៏សំខាន់នៃតំបន់ថ្មីកម្រិតជាតិ ដែលផ្តល់នូវគុណសម្បត្តិសម្រាប់វិស័យសេដ្ឋកិច្ច។ កាលខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសេវាកម្មសហគ្រាស RCEP នៅក្នុងតំបន់ពាណិជ្ជកម្មសេរីសាកល្បងនៅខេត្តសានស៉ី ជាមួយនឹងការបើកសម្ពោធ Airport New City ផងដែរ។

លោកបន្តថា ប្រទេសចិន និងកម្ពុជា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ។ យើងសង្ឃឹមថា ភាគីទាំងពីរនឹងប្រើប្រាស់វេទិកា RCEP ដើម្បីពង្រឹងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងរួមចំណែកដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកបន្តថា ឆ្នាំនេះ គឺជាខួបលើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា និងខួបលើកទី១០ នៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ ការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងភាគីទាំងពីរ លើវិស័យមនុស្សធម៌ ពាណិជ្ជកម្ម និងទិដ្ឋភាពផ្សេងទៀត បានជំរុញយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
តំបន់សេដ្ឋកិច្ច Airport New City មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាមួយនឹងបទពិសោធន៍គ្រប់គ្រាន់ ដែលអាចជួយពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។

ប្រទេសជាសមាជិក RCEP រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងប្រទេសអាស៊ានទាំង១០។ ប្រទេសទាំងនេះ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខេត្តសានស៉ី ឬអាចនិយាយថាទីផ្សារក្រៅប្រទេសធំៗ និងជាប្រភពនៃការវិនិយោគបរទេសផងដែរ។
ទិន្នន័យបង្ហាញថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបរបស់ខេត្តសានស៉ី និងរដ្ឋជាសមាជិក RCEP មានចំនួន ១៩០.២៨ពាន់លានយន់ ដែលស្មើនឹង៣៩.៤% នៃតម្លៃនាំចូល និងនាំចេញសរុបរបស់ខេត្ត។

ក្នុងឆ្នាំ ២០១៧ តំបន់ពាណិជ្ជកម្មសេរីចិន (Shaanxi) Pilot Free Trade Zone Xi xian New Area Functional Zone បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ តំបន់សេដ្ឋកិច្ចពិសេសនៃកម្ពុជា ដើម្បីស្វែងយល់ពីគំរូថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ»

ឆ្នាំនេះ មជ្ឈមណ្ឌលសេវាកម្មសហគ្រាស RCEP ថ្នាក់ខេត្តដំបូងគេនៅតំបន់ភាគពាយ័ព្យ ត្រូវបានបើកសម្ពោធនៅក្នុង Airport New City ហើយបានដើរតួនាទីយ៉ាងធំធេង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងព្រលានយន្តហោះទីក្រុងថ្មី ជាមួយរដ្ឋជាសមាជិកនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP)។

បន្ទាប់ពីជំនួបនោះ លោកអគ្គកុងស៊ុល និងគណៈប្រតិភូក៏បានទៅទស្សនាមជ្ឈមណ្ឌលពិព័រណ៍សេដ្ឋកិច្ចអាកាសយានដ្ឋាន នៃ Airport New City តំបន់សាកល្បងពាណិជ្ជកម្មសេរី Shaanxi មជ្ឈមណ្ឌលសេវាកម្មសហគ្រាស RCEP មជ្ឈមណ្ឌលពាណិជ្ជកម្មសេរី Blue Bay Industrial Park និងអាកាសយានដ្ឋាន Shaanxi Xi xian ព្រមទាំងតំបន់មួយចំនួនទៀត ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងការសាងសង់ Airport New City ប្រតិបត្តិការនៃមជ្ឈមណ្ឌលសេវាកម្មសហគ្រាស RCEP និងការអភិវឌ្ឍឧទ្យាន៕