(តូក្យូ, ជប៉ុន)៖ នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម បានបន្តជជែកគ្នាលើការជំរុញនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅតែមួយ» និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមព្រំដែនឱ្យកាន់តែល្អប្រសើរ។
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិសាអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ ជំនួបធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទីដែលមេដឹកនាំទាំង៣អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០។
ស្ទើរក្លាយជាប្រពៃណីទៅហើយសម្រាប់មេដឹកនាំកម្ពុជា ឡាវ និងវៀតណាម រាល់ពេលចូលរួមកិច្ចប្រជុំនានាទាំងក្របខណ្ឌតំបន់ និងពិភពលោក តែងឆ្លៀតជួបគ្នាពិសាអាហារពេលព្រឹក និងជជែកការងារ។ ការធ្វើបែបនេះ ក្នុងគោលបំណងពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសមានព្រំដែនជាប់គ្នា។
ក្នុងជំនួបនាព្រឹកមិញនេះថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី ដែលជាការរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)» និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំងបី បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំង៣កម្ពុជា ឡាវ និងវៀតណាម៕