(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានចុះពិនិត្យសកម្មភាពមុនការតាក់តែងវិញ្ញាសារ របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ខណៈនេះគណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ យ៉ាងសស្រាក់សស្រាំ ដោយសម្ងាត់ពីសាស្ត្រចារ្យ និងមន្ត្រីជំនាញចម្រុះ និងដោយមានការតាមដានមើលពីអ្នកសង្កេតការមកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះ។

សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១៖វិញ្ញាសាជំនាញកសិកម្ម, ២៖វិញ្ញាសាភាសាអង់គ្លេស និង៣៖វិញ្ញាសាពហុចម្លើយ។

ការរៀបចំវិញ្ញាសារ និងអនុវត្តវិញ្ញាសារ នឹងត្រូវចាត់ចែងក្នុងថ្ងៃតែមួយ ដោយការរៀបចំវិញ្ញាសារនឹងត្រូវធ្វើនៅពេលព្រឹក ហើយការចាប់ផ្តើមប្រឡងនឹងត្រូវធ្វើចាប់ពីថ្ងៃត្រង់ម៉ោង ១២៖០០តទៅ៕