(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានពន្យល់អំពីភាពខុសគ្នារវាងការបញ្ចេញមតិនៃសារព័ត៌មាន និងការជេរប្រមាថ។ លោកអះអាងថា តាមច្បាប់ការបញ្ចេញមតិ មិនមានការជាប់ទោសទេ ដែលខុសពីការមួលបង្កាច់ និងការប្រមាថ។
លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្រោយពេលដែលលោកចាកចេញពីវេទិកាស្ដីពី បន្តរួមគ្នាជំរុញការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាម ទោចក្រយានយន្ត ព្រមទាំងកុមារនៅកម្ពុជា ដែលបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។
លោករដ្ឋមន្រ្តី បានលើកឡើងថា «អ្នកសារព័ត៌មាននៅពេលបញ្ចេញមតិ មិនអាចជាប់គុកបានទេ ប៉ុន្តែការនិយាយមួលបង្កាច់ ការនិយាយប្រមាថ គឺខុសគ្នា»។
លោកបានបន្ថែមថា «ឧទាហរណ៍ ខ្ញុំថារដ្ឋាភិបាលខ្សោយណាស់ រដ្ឋាភិបាលនេះមិនមានសមត្ថភាពទេ នេះជាការបញ្ចេញមតិរបស់ខ្ញុំ ប៉ុន្តែបើខ្ញុំនិយាយថា លោកឯងហ្នឹងលួចលក់គ្រឿងញៀន កូនលោកឯងធ្វើបងធំបងតូច។ យើងដឹងថារឿងនេះមិនពិតទេ ប៉ុន្តែយើងនិយាយបង្កាច់បង្ខូចកេរ្តិ៍ នេះជាការប្រមាថ មួលបង្កាច់»៕