(ភ្នំពេញ)៖ លោកស្រី សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ីជាផ្នែកសំខាន់ ក្នុងការជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឱកាសវិនិយោគថ្មីៗ រវាងប្រទេសទាំងពីរ ស្របទៅនឹងវិស័យអាទិភាពកម្មវិធីទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

ការលើកឡើងរបស់លោកស្រី សយ បុប្ផា ធ្វើឡើងក្នុង វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី សយ បុប្ផា បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់
រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា
ឆ្នាំ២០៥០ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖

១៖ ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធី គ្របដណ្តប់សុខភាពជាសកល។
២៖ ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
៤៖ ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផល
កសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

លោកបានបន្ដថា «វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ី ជាផ្នែកមួយដ៏មានសារៈសំខាន់ ដើម្បីជួយជំរុញ
និងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី ឱ្យកាន់តែប្រសើរឡើង ជាពិសេសស្វែងរកដៃគូ និងឱកាសវិនិយោគថ្មីៗបន្ថែមទៀត រវាងប្រទេសទាំងពីរ ស្របទៅនឹងវិស័យអាទិភាពកម្មវិធីទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»។

លោកស្រីបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី សរុបរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២ មានចំនួន ៩៤៨,៥៣៨ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២១ មានចំនួន៦០៧,៩៤៧ដុល្លារអាមេរិកកើន៤៨ភាគរយ។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅឥណ្ឌូណេស៊ី៣៦,៨៣៩លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១៦% និងនាំចូលពីឥណ្ឌូណេស៊ី
៩១១,៦៩៤ លានដុល្លារអាមេរិក កើនឡើង៥០% ធៀបនឹងឆ្នាំ២០២២។

ចំពោះផលិតផល សំខាន់ៗដែលកម្ពុជានាំចូលមកពីឥណ្ឌូនេស៊ី រួមមាន ថ្នាំជក់ ធ្យូងថ្ម គ្រាប់ធញ្ញជាតិ ត្រាក់ទ័រ ឱសថ គ្រឿងម៉ាស៊ីន ក្រណាត់មានព្រុយ ប្រេងចម្រាញ់។

លោកស្រី សយ បុប្ផា បានបញ្ជាក់ថា ជាក់ស្ដែងក្នុងឆ្នាំ២០២៣នេះ នៅពេលដែលឥណ្ឌូណេស៊ី ធ្វើជាប្រធានអាស៊ានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានចុះអនុស្សរណៈ នៃការយោគយល់គ្នានាំចេញអង្ករកម្ពុជាប្រមាណ២៥ម៉ឺនតោនទៅប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេល៤ឆ្នាំ ហើយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅឥណ្ឌូណេស៊ី ជាលើកដំបូងចំនួនពីរលើក គឺលើកទី១មានចំនួន៣,៥ពាន់តោន និងទី២មានចំនួន១ម៉ឺនតោន។

ដោយឡែកចំពោះផលិតផលដែលកម្ពុជា នាំចេញទៅទីផ្សារ ឥណ្ឌូណេស៊ីវិញ មានដូចជា ផលិតផលសម្លៀកបំពាក់ កាត់ដេរ ស្បែកជើង ក្រណាត់ចាក់ឬត្បាញ វ៉ាលី ក្រដាសផ្តា កែវ គ្រឿងអេឡិចត្រូនិកផលិតផលប្លាស្ទីក និងផលិតផលបន្ទាប់បន្សំ បម្រើឱ្យការផលិតកម្មផ្សេងៗទៀត៕