(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដជួយជំរុញដល់ធុរជនកម្ពុជា និងធុរជនបរទេស ក្នុងការវិនិយោគអាជីវកម្មកម្ពុជា ដើម្បីរួមចំណែកជួយដល់សេដ្ឋកិច្ច តាមរយៈការលើកការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើង បរិយាកាសអំណោយផល សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីឱ្យរីកលូតលាស់ ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

នេះបើតាមការលើកឡើងរបស់លោក អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងឲ្យដឹងក្នុងជំនួបពាណិជ្ជកម្ម ស្ដីពី «ការជំរុញនាំចេញផលិតផលសក្ដានុពលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ» រៀបចំឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

លោក អ៊ុំ កុសល បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានដាក់ចេញ យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងបញ្ចកោណទី៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារ ដែលក្នុងនេះ បន្តផ្តោតលើកិច្ចការចំនួន៥ដូចជា៖
១៖ ការអភិវឌ្ឍទីផ្សារការងារ។
២៖ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូចនិងមធ្យម ធុរកិច្ចថ្មីសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៣៖ ការពង្រីកភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន។
៤៖ ការពង្រីកការប្រកួតប្រជែង។
៥៖ ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

លោកបានបន្ដថា ការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមាន
គោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើង បរិយាកាសអំណោយផល សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីឱ្យរីកលូតលាស់ ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែក
ដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

លោកបានបន្ដថា ទន្ទឹមនឹងការប្រឈមនឹងបញ្ហា ជាសកលនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តធ្វើបរិវត្តកម្ម
ជាមួយនឹងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីធានា
និងរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសល្បីល្បាញ ដោយសារការរីកចម្រើនយ៉ាងស្វាហាប់ ការអភិវឌ្ឍសង្គម និងការគោរពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។ ជាលទ្ធផល កម្ពុជាទទួលបានសុខសន្តិភាព និងរក្សាបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដោយមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧% (១៩៩៨-២០១៩) និងក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី៤៧.៨% ក្នុងឆ្នាំ២០០៧ មកនៅក្រោម១០%ក្នុងឆ្នាំ២០១៩ ខណៈពេលដែលផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ត្រូវបានគេប៉ាន់
ប្រមាណថាមានចំនួនប្រហែល១៧០០ដុល្លារ ក្នុងឆ្នាំដដែល និងត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី
(ADB) ចាត់ទុកថាជា (ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី) កាលពីឆ្នាំ២០១៦។

លោក អ៊ុំ កុសល បានថ្លែបន្ដថា រាជរដ្ឋាភិបាលក៏បានដាក់ចេញទស្សនវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។

លោកបានបញ្ជាក់ថា «បន្ថែមលើនេះច្បាប់វិនិយោគថ្មី របស់កម្ពុជាមានគោលបំណង សម្រួលបរិយាកាសសម្រាប់អាជីវកម្ម
និងការវិនិយោគ ដែលនឹងផ្ដល់បរិយាកាសវិនិយោគកាន់តែអំណោយផល ដើម្បីទាក់ទាញអាជីវកម្មកាន់តែច្រើន ជាពិសេសក្រុមហ៊ុនដែលកំពុងផ្លាស់ប្តូរទីតាំង មកកាន់តំបន់អាស៊ាន។ ការចូលជាធរមាននៃ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ក៏ដូចជាកិច្ចសមិទ្ធិផលថ្មីៗរបស់កម្ពុជា សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងទាក់ទាញ
ការវិនិយោគផ្ទាល់ពីបរទេស។

លោក អ៊ុំ កុសល បានបញ្ជាក់បន្ថែមថា «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេស អាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់ នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដគូអាជីវកម្មនៅកម្ពុជា។ ក្នុងនាមក្រសួងពាណិជ្ជកម្ម សូមយកឱកាសនេះស្វាគមន៍ធុរជន និងវិនិយោគិនបរទេស
ទាំងអស់ដែលមានគម្រោងប្រកបអាជីកម្ម និងវិនិយោគនៅកម្ពុជា»