(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានស្នើដល់អ្នកគ្រូ-លោកគ្រូ ចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន បង្រៀន និងការសិក្សាស្រាវជ្រាវ លើការអប់រំគណិតវិទ្យានៅកម្ពុជា។

ការស្នើបែបនេះ របស់បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ធ្វើឡើងក្នុងពិធីចែកមេដាយមាស ប្រាក់ សំរិទ្ធ និងវិញ្ញាបនបត្រជ័យលាភី ជូនដល់ជ័យលាភី ដែលបានចូលរួម ក្នុងការប្រកួតការប្រឡងគណិតវិទ្យាអន្ដរជាតិ CARIBOU CONTESTS តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២៣ និងការប្រឡងវ៉ាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្ដរជាតិស្ដង់ដារប្រទេសជប៉ុន SUKEN TEST, Maths Warriors។

ពិធីនេះ បានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានបញ្ជាក់ថា «សូមស្នើសុំដល់លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ ដែលមានសិស្សពោរពេញដោយទេពកោសល្យ និងសមត្ថភាពផ្នែកគណិតវិទ្យា សូមជួយបន្ត បង្ហាត់បង្រៀនបន្ថែមបន្តទៀត ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន បង្រៀន និងការសិក្សាស្រាវជ្រាវ លើការអប់រំគណិតវិទ្យានៅកម្ពុជា»។

បន្ថែមពីនោះទៀត បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានលើកឡើងថា ការមានសមត្ថភាពពូកែលើមុខវិជ្ជាគណិតវិទ្យា តែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីក្លាយជាពលរដ្ឋពេញលេញ ពលរដ្ឋសាកល ត្រូវមានសុខភាពល្អ មានសុជីវធម៌ សិលធម៌ គុណធម៌ថែមទៀតផង។

ហេតុនេះ បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ក៏សូមលោកឪពុក អ្នកម្តាយ ដែលមានបុត្រា បុត្រី ជាទីស្រឡាញ់ និងមានសមត្ថភាព ប្រៀបដូចតារា ដែលកំពុងតែរះ សូមជួយបន្តអប់រំបន្ថែមទៀត ដើម្បីឲ្យមានសុខភាពល្អ មានសុជីវធម៌ សិលធម៌ និងគុណធម៌។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ក៏បានស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល សូមបន្តជួយគាំទ្រជំរុញ និងលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្ស ដែលមានទេពកោសល្យ និងសមត្ថភាពលើផ្នែកគណិតវិទ្យា និងផ្តល់ឱកាសដល់ប្អូនៗ ដែលបានបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ឲ្យទទួលបានអាហារូបករណ៍ទៅបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សាទាំងក្នុងប្រទេស និងនៅបរទេសផងដែរ។

បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីកសាងធនធានមនុស្ស ដែលមានសក្តានុពលម្រាប់ប្រទេសជាតិ និងជាអ្នកដឹកនាំវ័យក្មេង នាពេលអនាគត ឆ្លើយតបទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០ ប្រជាជនកម្ពុជា មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់។

សូមជម្រាបថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ គណិតវិទ្យា នៃសាកលវិទ្យាល័យប្រ៊ុក ប្រទេសកាណាដា បានរៀបចំប្រឡងគណិតវិទ្យា ការីប៊ុយតេស្ត តាមប្រព័ន្ធអនឡាញ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២។ ការប្រឡងមានចំនួន៦លើក ក្នុងមួយឆ្នាំសិក្សា។

មានអ្នកចូលរួមប្រឡងសរុបចំនួន៥៥,៧៨៨នាក់។ ឆ្នាំ២០២៣នេះ សិស្សកម្ពុជាបានចូលរួមប្រឡងមានចំនួន១៩៨៥នាក់ ជាលទ្ធផលនៃការប្រឡង២លើកដំបូងនេះ មានសិស្ស ថ្នាក់មត្តេយ្យ និងថ្នាក់ទី១ ចំនួន១១នាក់ និង សិស្សថ្នាក់ទី២ ចំនួន៩នាក់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ លំដាប់ថ្នាក់ពិភពលោក ក្នុងចំណោម២៦ប្រទេស ដែលបានចូលរួមប្រឡង។

នេះគឺជាមោទនភាពរបស់កម្ពុជា ដែលមានប្រព័ន្ធអប់រំមួយល្អ អាចអប់រំកុមារា កុមារី ដែលបានចូលរួមប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញហើយ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្ស ដែលបានចូលរួមប្រកួតកម្រិតដូចគ្នាជាង៣ពាន់នាក់ មកពី២៦ប្រទេស៕