(ពោធិ៍សាត់)៖ ផ្ទះមួយខ្នង ធ្វើពីដែក ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី មានទំហំ៤x៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រគល់ជូន លោកតា គា ជឹម និងលោកយាយ ឃុត ឃិន ជាជនចាស់ជរា រស់នៅក្នុងស្ថានភាពទីទ័លក្រ ជួបការលំបាកខ្លាំង ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកតា គា ជឹម បានសម្តែងនូវក្តីអំណរ និងអរគុណយ៉ាងខ្លាំង ជូនចំពោះ លោក ខូយ រីដា និងក្រុមការងារ ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាជនតាមមូលដ្ឋាន ទីជនបទ ដូចជារូបគាត់ជាដើម។

ឱកាសនោះដែរ លោក ខូយ រីដា បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ប៊ុពេជ ចន្ទមុន្នី ជូនដល់លោកតា លោកយាយ ជនចាស់ជរា ដែលកំពុងរស់នៅក្នុងស្ថានភាពទីទ័លក្រ ជួបការលំបាកខ្លាំង ពោលគឺមិនទុកឱ្យពួកគាត់រស់នៅភ័យខ្លាចឡើយ ឬខ្វះស្បៀងបរិភោគឡើយ។ ជាមួយគ្នានោះ លោក ខូយ រីដា បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជន ឱ្យបានជាប់ជាប្រចាំ និងព្យាយាមជួយបងប្អូន ឱ្យបានទាន់ពេលវេលានៅពេលគាត់ជួបបញ្ហាផ្សេងៗ ចៀសវាងការព្យាយាមលាក់កំបាំងបញ្ហាប្រឈម។ បន្ថែមពីនោះ ត្រូវចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីយើងអាចលក់ឥនទានកាបូន ដោយទទួលបានថវិកា សម្រាប់ទ្រទ្រង់ដល់កិច្ចការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាពផងដែរ។

គួរជម្រាបជូនថា ក្រោយពីទទួលបានកិច្ចចង្អុលការ ពីលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកវាលវែង ដឹកនាំដោយលោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុក បានធ្វើការសម្របសម្រួលជាមួយក្រុមជាង និងអាជ្ញាធរភូមិសំឡាញ និងឃុំក្រពើពីរ ធ្វើការសាងសង់ផ្ទះមួយខ្នង ធ្វើអំពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទទឹង៤ម៉ែត្រ បណ្តោយ៨ម៉ែត្រ កម្ពស់៤ម៉ែត្រ ដោយខាងក្នុងផ្ទះ និងយ៉ខាងក្រោយផ្ទះ ក្រាលការ៉ូ និងមានចាក់សាបទទឹង១ម៉ែត្រ ជុំវិញផ្ទះ។ បន្ថែមពីនោះ ក៏បានសាងសង់បង្គន់អនាម័យមួយខ្នងបន្ថែមទៀត ធ្វើពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទទឹង១,៨០ម៉ែត្រ បណ្តោយ២ម៉ែត្រ និងកម្ពស់២,៤០ម៉ែត្រ។

សម្រាប់របាយការណ៍លម្អិត អំពីការចំណាយសាងសង់ផ្ទះ មានដូចខាងក្រោម៖
ទី១- រយៈពេលនៃការសាងសង់ ចំនួន២៦ថ្ងៃ (ចាប់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)។
ទី២- ចំណាយក្នុងការសាងសង់សរុបចំនួន ៤.៨៨០ដុល្លារ និង៧៥៥,០០០រៀល រួមមានការសាងសង់ផ្ទះ បន្ទប់ទឹក ការចាក់ដីឈូសឆាយសម្អាត ទិញគ្រែ១ ទិញតុបាយ ទូរដាក់ចាន ឈ្នួរហាលខោអាវ និងទូទាត់ថវិកាចំណាយក្នុងការសាងសង់ផ្សេងៗ៕​