(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។

ការទទួលបាននូវវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោកខាងលើនេះ ធ្វើឡើងក្នុងពិធីចែកមេដាយមាស ប្រាក់ សំរិទ្ធ និងវិញ្ញាបនបត្រជ័យលាភី ជូនដល់ជ័យលាភី ដែលបានចូលរួមក្នុងការប្រកួតការប្រឡងគណិតវិទ្យាអន្ដរជាតិ CARIBOU CONTESTS តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២៣ និងការប្រឡងវ៉ាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្ដរជាតិស្ដង់ដារប្រទេសជប៉ុន SUKEN TEST, Maths Warriors។

ពិធីនេះ បានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

តាមរបាយការណ៍របស់បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា ការប្រឡងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU MATHEMATICS CONTESTS 2023 ៖ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យា នៃសាកលវិទ្យាល័យប្រ៊ុក ប្រទេសកាណាដា បានរៀបចំប្រឡងគណិតវិទ្យា ការីប៊ុយតេស្ត តាមប្រព័ន្ធអនឡាញ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២។

ការប្រឡងមានចំនួន៦លើកក្នុងមួយឆ្នាំសិក្សា។ ប្រទេសដែលបានចូលរួមប្រឡងមានចំនួន២៦ ប្រទេសគឺ៖១.កាណាដា, ២.ទួរគី,៣. ចិន, ៤. អ៊ីរ៉ង់, ៥. កម្ពុជា (មានសិស្សចូលរួមប្រឡងចំនួន១៩៨៥នាក់ ស្ថិតក្នុងលំដាប់ទទី៥), ៦. សហរដ្ឋអាមេរិក, ៧.អាលឺម៉្លង់, ៨. រ៉ុស្ស៊ី, ៩.ប៉ាគីស្ថាន, ១០. ហុង កុង, ១១. អ៊ុយក្រែន, ១២. កូរ៉េខាងត្បូង, ១៣. វៀតណាម, ១៤. ហ្សាំប៊ីយ៉ា, ១៥. ម៉ិចស៊ីកកូ, ១៦. ហ៊្វីលីពីន, ១៧. ប៊្រេស៊ីល, ១៨. ប៊ីមុយដា, ១៩. តាន់ស្សេញ៉ា, ២០. កូឡុំប៊ីយ៉ា, ២១. កូកអាយឡិន, ២២. អាស្ស៊ែប៊ៃសាន់, ២៣. សឹង្ហបុរី, ២៤. ចក្រភពអង់គ្លេស, ២៥. អាហ្រ្វីកខាងត្បូង និង២៦. ឥណ្ឌូនេស៊ី។ មានអ្នកចូលរួមប្រឡងសរុបចំនួន៥៥,៧៨៨នាក់។

ឆ្នាំ២០២៣នេះ សិស្សកម្ពុជាបានចូលរួមប្រឡងមានចំនួន១៩៨៥នាក់ ជាលទ្ធផលនៃការប្រឡងទាំង២លើកដំបូងនេះមានសិស្ស ថ្នាក់មត្តេយ្យ និងថ្នាក់ទី១ ចំនួន១១នាក់ និងសិស្សថ្នាក់ទី២ ចំនួន៩នាក់ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ លំដាប់ថ្នាក់ពិភពលោកក្នុងចំណោម២៦ប្រទេសដែលបានចូលរួមប្រឡង។ នេះគឺជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រព័ន្ធអប់រំមួយល្អអាចអប់រំកុមារា កុមារីដែលបានចូលរួម ប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្សដែលបានចូលរួមប្រកួតកម្រិតដូចគ្នាជាង៣ពាន់នាក់ មកពី២៦ប្រទេស។

សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ បានចាប់កំណើតពីផ្ទៃម្តាយ នាពេលព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ និងបានក្លាយជាចៅប្រុសទី២០ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕