(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបាន ប្រើប្រាស់ Profile ក្លែងបន្លំជាអភិបាលរាជធានីភ្នំពេញ ក្នុងបណ្តាញតេឡេក្រាម (Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់អភិបាលរាជធានីភ្នំពេញ ដើម្បីឆបោក។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា បណ្តាញតេឡេក្រាម (Telegram) ពិតរបស់អភិបាលរាជធានីភ្នំពេញមានបង្ហាញលេខទូរស័ព្ទ 012 849 666។

រដ្ឋបាលរាជធានីភ្នំពេញ សូមទទូចឲ្យសាធារណជនឈប់ចាញ់បោក និងឈប់ទាក់ទងជាមួយតេឡេក្រាម (Telegram) ក្លែងក្លាយដូចមានក្នុងសេចក្តីជូនដំណឹងនេះដោយឈប់ផ្ញើ ឬវេរប្រាក់ទៅជនអនាមិកនេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសាធារណជនដែលបានចាញ់បោកជនអនាមិកនេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនអនាមិកនេះជាបន្ទាន់៕