(ជប៉ុន-តូក្យូ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលនៅសេសសល់១៦ភាគរយ គឺរាជរដ្ឋាភិបាល បានខិតខំចរចាដាច់បាយដាច់ទឹក ដើម្បីផលប្រយោជន៍ជាតិ។

ការចេញមកបញ្ជាក់បន្ថែមបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការញុះញង់របស់អ្នកនយោបាយក្រៅប្រទេសមួយក្រុមតូច ដោយបង្ហោះលើបណ្តាញសង្គមនានា ដោយចោទប្រកាន់ថាប្រទេសកម្ពុជា បានបាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាម។ ការបង្ហោះសារនេះ បានធ្វើឱ្យមានការភាន់ច្រឡំយ៉ាងខ្លាំង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន។

សម្តេចធិបតី ហ៊ុន សែន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំបង្កើតសត្រូវជាមួយជាសាសន៍ដទៃឱ្យសោះ ត្រូវបង្កើតមិត្តឱ្យកាន់តែច្រើន ជនជាតិខ្មែរយើងមិនមែនជាសាសន៍មួយដែលដើរបង្កើតសត្រូវ ជាមួយជាតិសាសន៍ណាមួយនោះទេ។ រឿងប្រវត្តិសាស្ត្រ ជារឿងមួយដែលប្រទេសជាតិច្រើនមាន សូម្បីជប៉ុន ក៏មាន ប៉ុន្តែគេមិនដែលបង្កើតកំហឹងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការការពារផលប្រយោជន៍ជាតិរបស់កម្ពុជាយើង សូមបងប្អូនជឿចុះ។ សម្តេចឃើញថ្មីៗនេះ មានការលើកច្រើនណាស់ ជាពិសេសញុះញង់ពីខាងក្រៅឱ្យក្មេងៗនៅក្នុងប្រទេស ឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសចេញមក ធ្វើការងារជ្រុលនិយម ជាពិសេសការឈ្លោះរើសអើង រឿងផលប្រយោជន៍ជាតិ ផលប្រយោជន៍ទឹកដី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជឿចុះខ្ញុំក៏ជាខ្មែរ គេឱ្យឈ្មោះខ្ញុំ ឡេដឹក ណែត អ្នកដែលចូលធ្វើការជាមួយរដ្ឋាភិបាលគេលាបពណ៌ វ៉ៃលើថ្ងាសឱ្យ កុំលាបពណ៌ យើងធ្វើការទៅ ផលប្រយោជន៍របស់យើង ព្រំដែនយើងនៅសល់១៦ភាគរយ ជាមួយវៀតណាម យើងបន្តដោះស្រាយ ហេតុអីបានត្រូវធ្វើការចរចារាប់ឆ្នាំ ១៦ភាគរយមិនងាយ បើសិនជាយើងមិនគិតប្រយោជន៍ជាតិ គេថាយើងបោះបង់ទឹកដីចោលអា ១៦ភាគរយហ្នឹង កាត់ចោល តាំងពីឆ្នាំ៨០ជាង​ មិនបាច់ចរចាអី»

សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចំពោះការការពារបូរណភាពទឹកដីនេះ ក្រុមការងារកម្ពុជា បានប្រឹងប្រឹងចរចាជាមួយភាគីវៀតណាម អត់បាយ អត់ទឹក។ ដើម្បីផលប្រយោជន៍ជាតិកម្ពុជា សាមគ្គីភាពជាមួយគ្រប់បរទេស ទាំងអស់ ដោយស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ជាគោលការណ៍ដែលកម្ពុជាត្រូវធ្វើ។

រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ណាស់ក្នុងការការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យខ្មែរបាត់ដីដូចអតីតកាលទៀតនោះឡើយ ពោលរក្សាអ្វីដែលមាននៅពេលបច្ចុប្បន្ននេះ ហើយចំណុចដែលមិនទាន់ព្រមព្រៀងគ្នា ១៦ភាគរយនោះ គឺទាមទារឱ្យមានការឯកភាពគ្នារវាងភាគីទាំងពីរ ព្រោះភាគីនីមួយៗសុទ្ធតែមានភស្ដុតាងច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានឯកភាព និងព្រមព្រៀងគ្នា កំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៤ភាគរយ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្ដ្រីវៀតណាម ចុះហត្ថលេខាទទួលស្គាល់លទ្ធផលបោះបង្គោលព្រំដែន នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩៕