(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាង២ម៉ឺននាក់ បានចេញចូលក្នុងរយៈពេល១ថ្ងៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយតម្រូវឲ្យស្កេន QR Code លើបណ្ណព្រំដែន។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានប្រជាពលរដ្ឋចេញចូលក្នុង១ថ្ងៃ មិនតិចជាង២ម៉ឺននាក់នោះឡើយ ដោយចេញទៅប្រទេសថៃជាង១ ម៉ឺននាក់ និងត្រឡប់ពីថៃមកវិញជាង១ម៉ឺននាក់រៀងរាល់ថ្ងៃ។

លោកបានបន្តថា រយៈពេល២ថ្ងៃនេះ មានការកកស្ទះប្រជាពលរដ្ឋខ្មែរ ដែលចេញចូល គឺបណ្តាលមកពីប្រព័ន្ធអ៊ីនធឺណែតមានការរអាក់រអួលនៅពេលមន្ត្រីជំនាញតម្រូវស្កេន QR Code លើបណ្ណព្រំដែនកម្ពុជា-ថៃ។

លោកបានបញ្ជាក់ទៀតថា «មូលហេតុដែលមានការកកស្ទះដល់ប្រជាពលរដ្ឋ និងអាជីវករខ្មែរ លក់ដូរនៅផ្សាររ៉ូក្លឿប្រទេសថៃ គឺភាគច្រើនកូនខ្មែរស្នាក់នៅទឹកដីថៃ ចេញមករៀននៅកម្ពុជា និងភាគតិចអ្នកមានសមត្ថភាពឲ្យកូន ចូលទៅរៀនក្នុងទឹកដីថៃ។ មួយរយៈនេះដោយអាជីវករខ្មែរលក់ដូនៅផ្សាររ៉ូក្លឿចាស់ ត្រូវភាគីថៃមិនឲ្យស្នាក់នៅ និងដេកទើបទើបចេញ និងចូលច្រើន នៅពេលព្រឹកពីម៉ោង ៨ដល់ម៉ោង ១០ព្រឹក និងនៅពេលល្ងាចពីម៉ោង ៦ដល់ម៉ោង ៨យប់»

លោក ជួន សារី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយមានការកកស្ទះចេញ និងចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មន្ត្រីនគរបាលជំនាញបានខិតខំប្រឹងប្រែងសម្របសម្រួល និងដោះស្រាយជូន តែការកកស្ទះនេះមិនកើតឡើងរាល់ថ្ងៃនោះទេ។

លោកថា មូលហេតុកកស្ទះនៅពេលព្រឹក គឺប្រជាពលរដ្ឋសម្រុកចេញ និងពេលល្ងាចសម្រុកចូល ហើយរយៈពេលប៉ុន្មានថ្ងៃនេះ ដោយប្រព័ន្ធអ៊ីនធឺណែតរអាក់រអួលផងស្កេន QR Code លើបណ្ណព្រំដែនកម្ពុជា-ថៃ ហើយបោះត្រាមានការយឺតយ៉ាវព្រោះមានបណ្ណព្រំដែនខ្លះការប្រើប្រាស់មិនបានថែរក្សា និងប៉ះពាល់ QR Code ដាច់រលាត់ ទើបស្កេនមិនចង់ចេញត្រូវថែរក្សាឲ្យបានល្អ៕