(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំធ្វើមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សន្និបាតនេះបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាបន្ដបន្ទាប់ ដើម្បីបុព្វហេតុមនុស្សធម៌។

ក្នុងមហាសន្និបាតនោះ ក៏បានអនុម័តប្រកាសរំសាយគណៈកម្មាធិការកណ្តាល អាណត្តិទី៦ ដែលមាន៣២រូប, និងបន្ទាប់មកបានពិនិត្យ និងអនុម័តសមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប១៣ រូប ដែលក្នុងនោះមាន ប្រធាន១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អនុប្រធាន ៣រូប, អនុប្រធានអចិន្ត្រៃយ៍ ១រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៦រូប ព្រមទាំងបានសម្រេចជ្រើសតាំង អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យលេខ ៣៥៩អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា អាណត្តិទី៧។

ក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា សម្រាប់អាណត្តិទី៧, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់អនុសាសន៍ក្រុមប្រតិបត្តិទាំងថ្នាក់កណ្តាល និងសាខា ក្នុងការកំណត់ទិសដៅការងារដូចតទៅ៖

ទី១៖ ត្រូវបន្តពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ជាមួយក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន សហគមន៍មូលដ្ឋាន និងចលនាយុវជននានា ដែលធ្វើសកម្មភាពសង្គមគាំទ្រកម្លាំងមនុស្សធម៌។

ទី២៖ ថ្នាក់កណ្តាល និងសាខា ត្រូវនាំគ្នាចូលរួមអនុវត្តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវរៀបចំផែនការ និងទិសដៅការងារ ឲ្យស្របទៅតាមបរិបទជាតិ ក្នុងស្មារតីពង្រឹងភាពម្ចាស់ការ ការទទួលខុសត្រូវឲ្យកាន់តែខ្ពស់ ប្រកបដោយគុណភាព ប្រសិទ្ធភាពផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

ជាមួយគ្នានេះ ត្រូវតែនាំគ្នាលើកកម្ពស់ការពង្រឹងតួនាទីស្នូលរបស់យុវជន ដោយត្រូវមានផែនការជាក់លាក់ ក្នុងការពង្រឹង និងពង្រីកក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឲ្យបន្តស្ថិតនៅជាក្លឹបយុវជនមួយ ដែលមានស្តង់ដារ និងសកម្មក្នុងការចូលរួមចែករំលែកចំណេះដឹង/ផ្លាស់ប្ដូរបទពិសោធន៍, មិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត ក្នុងការសិក្សា, ក្នុងការបណ្តុះថ្នាលឌីជីថល និងក្នុងការកសាង/ពង្រឹងសមត្ថភាពយុវជន ក្នុងភាពជាអ្នកដឹកនាំប្រកបទៅដោយគុណធម៌ សីលធម៌ ចរិយាធម៌ និងមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ចូលរួមដោះស្រាយបញ្ហាប្រឈមថ្មីជាសកល ដូចជា ការប្រែប្រួលអាកាសធាតុការកសាង ភាពធន់សហគមន៍ ការលើកកម្ពស់បរិស្ថានល្អ បរិស្ថានបៃតង និងលើកកម្ពស់សុខភាពសាធារណៈជាដើម។

ទី៣៖ សូមចូលរួមទាំងអស់គ្នា ក្នុងការផ្តោតសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម អនុវត្តផែនការអភិវឌ្ឍបៃតងកាត់បន្ថយ ការប្រើថង់ប្លាស្ទិក ដើម្បីខ្យល់បរិសុទ្ធ សុខុមាលភាពសង្គម និងជីវភាពរស់នៅកាន់តែល្អប្រសើរ ឡើងថែមទៀត។

ទី៤៖ កាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងសាមគ្គីភាព, កសាង និងបង្កើនសមត្ថភាពអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកឱ្យកាន់តែសកម្ម នៅក្នុងការបន្តពង្រឹងភាពធន់សហគមន៍ និងក្នុងការពង្រីកការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន។

ទី៥៖ សូមមន្ត្រីម្នាក់ៗ បន្តយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការជាក្រុម បង្កើនសមត្ថភាពឱ្យទាន់តម្រូវការថ្មីនៃបច្ចេកវិទ្យា និងអភិវឌ្ឍមូលធនមនុស្សពោល គឺត្រូវសិក្សាបង្កើនចំណេះដឹង មានជំនាញវិជ្ជាជីវៈ មានសុខភាពល្អរឹងមាំ រស់នៅស្អាត មានអនាម័យ និងសីលធម៌ល្អ។

ទី៦៖ ជាមួយនឹងការបន្តខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមអំពាវនាវដល់បងប្អូនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តគាំទ្រដល់បេសកកម្ម របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ដើម្បីកសាងសហគមន៍មានភាពធន់, ប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពរស់នៅល្អប្រសើរ មានសុខភាពល្អ ចាប់ពីបុគ្គលម្នាក់ៗ ទៅគ្រួសារមួយ រហូតដល់សង្គមជាតិទាំងមូល។

បន្ទាប់ពីបានដំណើរមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ អស់រយៈពេល ១ព្រឹកប្រកបដោយជោគជ័យ, នៅថ្ងៃដដែលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការកណ្តាលអាណត្តិទី៧ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល អាណត្តិទី៧ រួមជាមួយ អគ្គលេខាធិការ អគ្គលេខាធិការរងទាំង២ នាយក នាយិកា និងនាយករង នាយិការង នៃនាយកដ្ឋាន សរុបចំនួន២៧រូប។

អង្គប្រជុំលើកដំបូង បានពិនិត្យ ឆ្លង និងអនុម័ត ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ និងសំណើសុំការអនុម័តផែនការចំណាយមូលនិធិជាអាទិភាព ឆ្នាំ២០២៤ របស់កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការណែនាំ តម្រង់ទិសដល់ក្រុមប្រតិបត្តិ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដូចតទៅ៖

១៖ ត្រូវមានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់

២៖ ត្រូវបន្តអនុវត្តនូវទម្រង់ បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ

៣៖ ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដាន ពិនិត្យ វាយតម្លៃ និងធ្វើរបាយការណ៍ ឱ្យបានទៀងទាត់ ព្រមទាំងមានសូចនាករច្បាស់លាស់។

៤៖ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០)។

សូមជម្រាបថា អង្គមហាសន្និបាតនេះ មានការអញ្ជើញចូលរួមជាសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ប្រតិភូតំណាងសាខាទាំង២៥ រាជធានី-ខេត្ត, អ្នកស្ម័គ្រចិត្តទាំង ១៤ អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធានកិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ៕