(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្រៅប្រទេសមិនថា ទៅសិក្សាក្ដី រស់នៅក្ដី ធ្វើការក្ដី ត្រូវប្រកាន់ភ្ជាប់ភាពថ្លៃថ្នូរ ធ្វើជាប្រជាពលរដ្ឋមានអំណត់ ស្មោះត្រង់ និងត្រូវគោរពស្រលាញ់ជាតិសាសន៍ផ្សេងៗ។

ការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី និងលោកជំទាវបណ្ឌិតអញ្ជើញចូលរួម ក្នុងពិធីណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្ពុជានៅក្រៅប្រទេសថា រៀនក្ដី រស់នៅក្ដី ធ្វើការក្ដី សូមបន្ដប្រកាន់នូវក្រមសីលធម៌ ជាប្រជាពលរដ្ឋថ្លៃថ្នូរ ធ្វើជាប្រជាពលរដ្ឋមានអំណត់ ស្មោះត្រង់ កុំមានបាតុភាព ត្រូវចេះស្រលាញ់គ្នា ធ្វើការល្អ រាប់អានមិត្តឲ្យបានច្រើន គោរពគ្នាទៅវិញទៅមកជាមួយសាសន៍ផ្សេងៗ សាសន៍ណាក៏ដោយកើតមកដូចគ្នា គ្រាន់តែខុសប្រទេស និងនិយាយភាសាខុសគ្នា វប្បធម៌ខុសគ្នាប៉ុណ្ណោះ ប៉ុន្ដែត្រូវការដកដង្ហើមដើម្បីរស់ ត្រូវការហូបចុកដូចតែគ្នា មានកូន មានម្ដាយ មានឪពុក ដូច្នេះប្រសិនជាយើងស្អប់គេ គេនឹងស្អប់យើងដូចគ្នា ដូច្នេះកុំបង្កើតសត្រូវ តែត្រូវបង្កើតមិត្តឲ្យច្រើន»

សម្ដេចធិបតីបានថ្លែងបន្ដថា សាសន៍កម្ពុជាមិនមែនជាសាសន៍ ដែលត្រូវបង្កើតសត្រូវជាមួយសាសន៍ជាតិណានោះទេ រឿងប្រវត្តិសាស្រ្ដជារឿងមួយដែលប្រទេសជាច្រើនក៏មាន សូម្បីតែប្រទេសជប៉ុន ជាមួយប្រទេសជិតខាង ក៏មានរឿងប្រវត្តិសាស្រ្ដនោះដែរ ប៉ុន្ដែគេមិនបង្កើតកំហឹងទាំងនោះ ឬធ្វើឲ្យឈ្លោះគ្នានោះឡើយ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា «ការការពារផលប្រយោជន៍ជាតិរបស់កម្ពុជា សូមបងប្អូនជឿចុះ ថ្មីៗនេះមានការលើកឡើងជាច្រើន ពិសេសការពន្យុសពីខាងក្រៅប្រទេស ឲ្យប្រជាពលរដ្ឋក្នុងប្រទេស ធ្វើការងារជ្រុលនិយម ពិសេសការឈ្លោះ និងការរើសអើង រឿងផលប្រយោជន៍ជាតិ និងផលប្រយោជន៍ទឹកដី សូមបងប្អូនជឿចុះខ្ញុំក៏ជាខ្មែរ»