(ជប៉ុន)៖ ថ្លែងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការងាររបស់រាជរដ្ឋាភិបាល អាទិភាពធំគឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយមកវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការបង្កើតការងាររបស់យើងក្នុងស្រុក អតិភាពធំគឺនៅក្នុងស្រុក ខំបង្កើតការងារដែលខ្ញុំដើរទាក់ម៉ូយនឹង មិនមែនទាក់ម៉ូយអីទេ គឺយកក្រុមហ៊ុនពីខាងក្រៅដើម្បីភ្ជាប់ឱកាសមក ប៉ុន្តែភាគច្រើនយើងទាក់ម៉ូយទៅក្នុង ទាក់ម៉ូយហៅជប៉ុនទៅមើលសក្តានុពលនៅកម្ពុជា មើលវិនិយោគទុក យកបច្ចេកវិទ្យាទៅបណ្តុះបណ្តាលខ្មែរ ទៅបង្កើតការងារ ហើយ១០ ទៅ២០ឆ្នាំទៀត កូនខ្មែរអាចធ្វើជាវិស្វករអីបាន»

ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសុំឱ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តចុះលើរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយរាជដ្ឋាភិបាលនឹងនៅតែបន្តដឹកនាំតាមចក្ខុវិស័យដែលសម្តេចតេជោ បានកសាងប្រទេស ៤០ឆ្នាំ ជាមួយនឹងថ្នាក់ដឹកនាំជំនាន់មុន ដែលបានកសាងប្រទេសមកបានដូចនេះ ហើយនៅពេលដែលយើងមានសុខសន្តិភាព និងការអភិវឌ្ឍយើងត្រូវថែទាំឱ្យបាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យផលដែលបានត្រូវទៅឱ្យដល់ប្រជាពលរដ្ឋបានគ្រប់ទីកន្លែង ដែលមិនមែនប្រមូលផ្តុំក្នុងដៃអ្នកណាមួយនោះទេ គឺត្រូវទៅឱ្យដល់ដៃប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដែលយើងត្រូវតែជួយឱ្យបានច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «ពាក់ព័ន្ធទៅនឹងជ្រុងមួយនៃគោលនយោបាយសេដ្ឋកិច្ចកម្ពុជា គឺបង្កើតការងារ ការងារទាំងបរិមាណ និងគុណភាព ការងារគ្រប់វិស័យដែលត្រូវជម្រុញ គ្រប់ទីកន្លែងដែលត្រូវជម្រុញក្នុងប្រទេស បូកជាមួយនឹងជម្រើសនោះនៅក្រៅប្រទេស។ បងប្អូនដែលជាកម្មសិក្ខាការី និងឱកាសយើងនៅជប៉ុន ជាជម្រើសរបស់បងប្អូន ហើយបើសិនជាយើងមិនប្រកាន់ជំហរ មានអ្នកនយោបាយខ្លះឱ្យតែនិយាយពីបងប្អូនក្រៅប្រទេស តែងតែថារដ្ឋាភិបាលបញ្ជូនកូនចៅខ្មែរទៅធ្វើខ្ញុំគេ»

ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា «នៅលើពិភពលោកនេះគ្មានប្រទេសណាមួយ ដែលគ្មានប្រជាពលរដ្ឋធ្វើការប្រៅប្រទេសនោះទេ រួមទាំងជប៉ុនផងដែរ ជប៉ុនទៅធ្វើការជាច្រើន នៅសហរដ្ឋអាមេរិក, កូរ៉េ មកធ្វើការនៅជប៉ុន ខ្មែរទៅធ្វើការនៅកូរ៉េ»។ ឥលូវទំនាក់ទំនងពាណិជ្ជកម្មសេរី គឺធ្វើយ៉ាងណាធានានៅលំហូរនៃទំនិញ និងមនុស្ស ព្រោះប្រទេសខ្លះ ទាក់ទងនឹងពលកម្មគេត្រូវធ្វើដូចនេះ ដើម្បីឱ្យលំនឹងពាណិជ្ជកម្មទាំងអស់បានផលទាំងអស់គ្នាផងដែរ៕