(ក្រុងឌូបៃ)៖ លោក ជាង សុភ័ក្រ អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់វិទ្យុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ ស្តីពីវិទ្យុគមនាគមន៍ពិភពលោកឆ្នាំ២០២៣ (World Radiocommunication Conference - WRC 2023) របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលត្រូវបានរៀបចំទ្បើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ នៃអេមីរ៉ាអារ៉ាប់រួម (UAE)។

សន្និសីទ WRC-23 ជាកិច្ចប្រជុំសំខាន់មួយ របស់សហភាពទូរគមនាគមន៍អន្តរជាតិ ដែលជាអង្គការមួយ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកវិស័យទូរគមនាគមន៍ ដែលត្រូវបានរៀបចំទ្បើងជារៀងរាល់ ៤ឆ្នាំម្តង ដោយការិយាល័យវិទ្យុគមនាគមន៍ នៃ ITU ហើយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកសរុប ១៨០ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀត មកពីជុំវិញពិភពលោកផងដែរ។

សន្និសីទនេះមានរបៀបវារៈពិភាក្សា ទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ១.) រៀបចំគោលនយោបាយរួម ស្តីពីការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ សម្រាប់សេវាវិទ្យុគមនាគមន៍ សម្រាប់រយ:ពេលបួនឆ្នាំបន្តទៀត ២.) កែសម្រួលបទប្បញ្ញត្តិវិទ្យុគមនាគមន៍ និងការរៀបចំបែងចែកហ្វ្រេកង់ស៍វិទ្យុ តាមរយ:ការស្នើពីរដ្ឋសមាជិកនានា ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យា និងពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើនផ្សេងទៀត។

នៅក្នុងសន្និសីទ WRC-23 នេះ លោក ជាង សុភ័ក្រ និងគណៈប្រតិភូ ក.ប.ទ. បានចូលរួមពិភាក្សាការពារសំណើកែប្រែ និងកំណត់ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនានា ដែលបណ្តាប្រទេសសមាជិក របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានដាក់សំណើជាពិសេស ដោយឡែកពហុប្រទេសរួមជាមួយប្រទេសមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការកំណត់ការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍វិទ្យុ 6GHz សម្រាប់សេវាទូរសព្ទចល័ត ព្រមទាំងចូលរួមតាមដាន និងពិភាក្សារាល់សំណើ ដែលលើកឡើងពីបណ្តារប្រទេសផ្សេងៗទៀត។

ជាលទ្ធផល សំណើប្រើប្រាស់ហ្វ្រេកង់ស៍ 6GHz (6425-7125MHz) សម្រាប់សេវាទូរសព្ទចល័តនៅកម្ពុជា ត្រូវបានអនុម័តដោយកិច្ចប្រជុំ ដែលមានន័យថាកម្ពុជាអាចប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសរុប 700MHz បន្ថែមទៀតសម្រាប់សេវាទូរសព្ទចល័ត ជំនាន់ទី៥ និងទី៦។

ក្រៅពីនេះលទ្ធផលសំខាន់ៗផ្សេងទៀត ដែលសន្នីសីទអនុម័តរួមមាន: ១) ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ សម្រាប់សេវាទូរសព្ទចល័ត ដែលផ្តល់ដោយផ្ទាល់ពីផ្កាយរណប និងស្ថានីយដែលបង្ហោះនៅរយ:កំពស់ខ្ពស់ (២០គីឡូម៉ែត្រពីផែនដី) ដើម្បីបំពេញបន្ថែមតំបន់ ដែលពុំមានសេវាទូរសព្ទចល័ត ២) ហ្វ្រេកង់ស៍វិទ្យុបន្ថែម សម្រាប់ផ្កាយរណបទូរគមនាគមន៍ ជាពិសេសសម្រាប់បច្ចេកវិទ្យា IoT តាមផ្កាយរណប និងផ្កាយរណបសម្រាប់ផ្តល់រូបភាពពីអាកាស និង ៣) នីតិវិធីនានាដើម្បីការពារសេវា ដែលមានស្រាប់ពីការឆ្លងរំខាន ពីសេវាដែលត្រូវប្រើប្រាស់ថ្មី។

លទ្ធផលទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងក្របខណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា៕