(ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឱ្យក្រសួងការបរទេស សិក្សាពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុលនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវា ដល់ពលរដ្ឋ និងកម្មសិក្សាការី ក៏ដូចជាកាត់បន្ថយការចំណាយផ្សេង។

ការណែនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងអំឡុងពេលសម្តេចអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។

សម្តេចធិបតីគូសបញ្ជាក់ថា ការជំរុញឱ្យសិក្សាពីលទ្ធភាពបង្កើតអគ្គកុងស៊ុលនេះ ព្រោះនាពេលខាងមុខអាចនឹងមានពលរដ្ឋខ្មែរកាន់តែច្រើនមកបំពេញការងារ ក៏ដូចជាមកសិក្សានៅប្រទេសជប៉ុន ខណៈដែលកត្តាភូមិសាស្រ្តនៅប្រទេសជប៉ុន មានលក្ខណៈវែង ការធ្វើដំណើរទៅទទួលសេវាផ្សេងនៅអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលមានទីតាំងនៅទៅក្រុងតូក្យូ ត្រូវចំណាយពេលយូរ និងថវិកាច្រើន។

ទន្ទឹមគ្នា ការចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនកម្មសិក្សាការី និងពលករជំនាញរបស់អនុព័ន្ធការងារមិនទាន់ពេលវេលា និងចំណាយថវិកាច្រើន ក្នុងការធ្វើដំណើរផងដែរ។

សម្តេចបានថ្លែងបន្តយ៉ាងដូច្នេះថា «ឥលូវខ្ញុំសុំឱ្យពិនិត្យលទ្ធភាពសិក្សាមើល។ ក្រសួងកាបរទេសពិនិត្យមើលតើយើងអាចនៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុលមួយទៀតបានដែរទេ ដើម្បីជួយបងប្អូនយើងនៅខាងក្រោម។»

ក្នុងពេលដែលជំរុញឱ្យក្រសួងកាបរទេសបង្កើតអគ្គកុងស៊ុល នៅប្រទេសជប៉ុន កន្លងមកសម្តេចក៏ធ្លាប់បានណែនាំឱ្យបង្កើតអគ្គកុងស៊ុលមួយទៀតនៅខេត្តសុងខ្លា ភាគខាងត្បូងនៃប្រទេសថៃផងដែរ ដោយសារនៅទីនោះមានពលរដ្ឋខ្មែរច្រើនបំពេញការងារ ហើយពួកគេត្រូវធ្វើដំណើរមកទទួលសេវាផ្សេងៗ ក្នុងចម្ងាយឆ្ងាយ និងចំណាយថវិកាច្រើន។

លើសពីនេះទៀតសម្តេចធិបតី ក៏បានណែនាំបន្ថែមដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើល ក្នុងការរៀបចំបន្ថែមអនុព័ន្ធការងារមួយទៀត ដើម្បីងាយស្រួលក្នុងការចុះជួយ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅទីនេះ ជាពិសេសពេលមានបញ្ហាគ្រោះថ្នាក់ការងារជាដើម៕