(ជប៉ុន​-តូក្យូ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់ទស្សនកិច្ចរបស់សម្តេចនៅក្រៅប្រទេសចំណុចសំខាន់ជាងគេការប្រឹងប្រែងដើរទាក់ម៉ូយ រកទីផ្សារក្រៅប្រទេសមិនមែន ដើម្បីប្រយោជន៍សម្រាប់ខ្ញុំទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «និយាយរួមម៉ាយុទ្ធនាការទស្សនកិច្ចនៅក្រៅប្រទេសទាំងអស់ ចំណុចជ្រុងមួយសំខាន់គឺសេដ្ឋកិច្ច គឺដើរទាក់ម៉ូយ អ្នកខ្លះគេបង្អាប់ខ្ញុំថាអួតនោះអួត ដោយខ្ញុំជួបច្រើនមែន ជួបដើម្បីផ្សព្វផ្សាយកម្ពុជា អាហ្នឹងគេហៅថាដើរទាក់ម៉ូយយើងមានផលិតផល យើងមាននៅក្នុងហៅប៉ាវអ្នកមក យើងត្រូវដើរជួបគេ ប្រាប់គេ […] ក្នុងនាមជានាយករដ្ឋមន្ត្រី បើខ្ញុំមិនទៅដើរជួប ទៅដើរផ្សព្វផ្សាយ ដើរបញ្ជាក់អ្នកវិនិយោគ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជួយគាត់ និងការទាក់ទាញថែមទៀតឱ្យមកវិនិយោគបង្កើតការងារឱ្យប្រជាពលរដ្ឋ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចប្រទេសជប៉ុន រយៈពេល៣ថ្ងៃ សម្តេចនឹងជួបជាមួយប្រធានក្រុមហ៊ុនរបស់ជប៉ុន ជាង៦០០ក្រុមហ៊ុន ទាំងជួបផ្ទាល់ ការចូលរួមក្នុងវេទិការ និងជួបតាមរយៈអនឡាញ ការជួបនេះជាមួយក្រុមអ្នកវិនិយោគិនជប៉ុន គឺធ្វើយ៉ាងណាបង្ហាញការសក្តានុពលរបស់កម្ពុជា ដើម្បីឱ្យក្រុមអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងន័យបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចបានដើរទាក់ម៉ូយចាប់តាំងពីចុះយន្តហោះ រហូតឡើងលើយន្តហោះមកកម្ពុជាវិញ។ ការជួបជាមួយក្រុមហ៊ុនឯកជនរបស់ជប៉ុន គឺធ្វើយ៉ាងណាផ្តល់ជាសញ្ញា ផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជនរបស់បរទេស ដើម្បីធ្វើយ៉ាងណានាំផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។

«ហើយការដើរទាក់ម៉ូយនេះផលស្អី មិនមែនយកដាក់នៅក្នុងក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណែត ទេអត់ទេ ទាក់ម៉ូយយកទៅដើម្បីរៀបចំក្នុងការវិនិយោគ ភ្ជាប់ខ្សែចង្វាក់សេដ្ឋកិច្ចកម្ពុជា និងជប៉ុន ភ្ជាប់មនុស្ស និងមនុស្ស បច្ចេកវិទ្យា និងបច្ចេកវិទ្យា នាំទុនវិនិយោគ នាំយកបច្ចេកវិទ្យាជប៉ុនទៅ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការខិតខំទាក់ក្រុមអ្នកវិនិយោគបរទេសមកកាន់កម្ពុជា ជាចំណុចមួយបង្កើនទីផ្សារការងារជូនប្រជាពលរដ្ឋខ្មែរ ខណៈដែលប្រជាពលរដ្ឋដែលបានចំពេញការងារនៅតាមបណ្តាលរោងចក្រជប៉ុន ផ្នែកបច្ចេកវិទ្យា នៅពេលដែលពួកគាត់បញ្ចប់អាណត្តិការងារ ហើយវិលត្រឡប់មកកម្ពុជាវិញ នោះពួកគាត់នឹងនាំយកចំណេះដឹងផ្នែកបច្ចេកវិទ្យានេះមកកម្ពុជា ដើម្បីការងារផ្សេងជូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស។ ចំណុចនេះជាកត្តាមួយលើកស្ទួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺកំណើនសេដ្ឋកិច្ច បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ គឺជាគោលដៅអាទិភាព៣ ក្នុងចំណោម៥ ដែលនេះគឺជាគោលដៅសំខាន់បំផុត។ ការផ្សព្វផ្សាយ ដើម្បីទាក់ទាញវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនមែនធ្វើតែនៅប្រទេសជប៉ុននោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលបានដើរទាក់ម៉ូយគ្រប់កន្លែង៕