(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានសុំឲ្យប្រជាពលរដ្ឋ ក្នុងឃុំស្វាយដូនកែវ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងខេត្ត ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី លោកនឹងរួមសុខទុក្ខជាមួយគ្នា គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់លោក នឹងបើករង់ចាំប្រជាពលរដ្ឋ Callចូល២៤ម៉ោង/២៤ម៉ោង ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ ណាមួយកើតមានឡើង។
សំណូមពរបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់មួយចំនួន ជាមួយបងប្អូនប្រជាពលរដ្ឋទាំង៩ភូមិ ក្នុងឃុំស្វាយដូនកែវចំនួន១៧៤២នាក់ ស្មើនឹង១៥៣៦គ្រួសារ នៅបរិវេណដីវាល ស្ថិតក្នុងភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ម៉ៅ ធនិន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «សង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងការកាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ នេះដោយសារការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះយោគយល់អធ្យាស្រ័យគ្នា ដូចនេះសូមឲ្យមេភូមិ មេឃុំ ដែលជាឪពុកម្តាយនៅជិតបំផុត ផ្តោតការយកចិត្តទុកដាក់ជួយដល់ពួកគាត់ ឲ្យអស់ពីសមត្ថភាព»។
លោកបានលើកឡើងថា គ្រោះធម្មជាតិមានដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ តែងតែកើតមាននៅលើពិភពលោក ជាក់ស្តែង នៅប្រទេសកម្ពុជាយើង ក៏ជួបបញ្ហាប្រឈមគ្រោះរាំងស្ងួត ធ្វើឲ្យដំណាំស្រូវទទួលរងការខូចខាតជាបន្តបន្ទាប់ ហើយខេត្តពោធិ៍សាត់ដំណាំស្រូវជាង១១ពាន់ហិកតា រងការប៉ះពាល់ក្នុងនោះវាអាចខូចខាតជាង៧ពាន់ហិកតា បើគ្មានទឹកក្នុងរយៈពេលមួយសប្តាហ៍ទៀត។ ស្ថិតក្នុងស្ថានភាពនេះ ទាំងអាជ្ញាធរខេត្ត ស្រុក ក្រុង និងមន្ទីរពាក់ព័ន្ធ បានជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ប្រជាពលរដ្ឋបានជាង៧០០ហិកតា នៅក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នាពេលថ្មីៗ។
ជាក់ស្តែង ប្រឡាយមួយចំនួន ក្នុងឃុំស្វាយដូនកែវនេះតែម្តង លោកនឹងចាត់ឲ្យមន្ទីរជំនាញ ធ្វើការសិក្សាមុននឹងសម្រេចស្តារឡើងវិញ ដើម្បីជួយសមួ្រល និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះ លោកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ សូមទៅចុះឈ្មោះបោះឆ្នោត សហការគ្នាក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជាចុងបញ្ចប់លោក ម៉ៅ ធនិន និងលោកស្រី ឯម ប៉ុណ្ណា ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមប្រមាណ ១៧៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានសារុងម្នាក់ ១ផងដែរ៕