(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាប័ណ្ណ លើសេវាកម្មរថយន្តតាក់ស៉ីអគ្គិសនី ឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមនោះទេ ហើយរាជរដ្ឋាភិបាលក៏មិនទាន់មានតម្រូវការ ឱ្យក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគ បើកក្រុមហ៊ុនតាក់ស៉ីអគ្គិសនីនៅកម្ពុជាដែរ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់បងប្អូនដែលប្រកបរបរអ្នករត់ម៉ូតូឌុប រត់ម៉ូតូកង់បី រថយន្តតាក់ស៉ី សូមកុំឱ្យមានការព្រួយបារម្ភ ចំពោះករណីរថយន្តតាក់ស៊ីរបស់វៀតណាម ព្រោះរាជរដ្ឋាភិបាលគិតគូរយ៉ាងខ្លាំង ពីជីវភាពរស់នៅរបស់បងប្អូនអ្នកបម្រើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចក្នុងគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញ។

ការថ្លែងរបស់បញ្ជាក់សម្តេចធិបតី ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុវៀតណាម នាំយករថយន្តអគ្គសិនី ២៥០០គ្រឿង មកផ្តល់សេវារត់តាក់ស៉ីនៅកម្ពុជា ក្នុងឆ្នាំ២០២៤ខាងមុខ ដែលបង្កើតឱ្យមានការព្រួយបារម្ភ ចំពោះអ្នកប្រកបរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងរត់តាក់ស៉ីជាដើម ហើយក៏មានអ្នកនយោបាយប្រឆាំង នៅក្រៅស្រុកមួយចំនួន លើកយករឿងនេះ មកវាយប្រហាររាជរដ្ឋាភិបាលផងដែរ។

ឆ្លើយតបចំពោះការលើកឡើង របស់ក្រុមប្រឆាំងក្រៅស្រុកដែលអះអាងថា រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Vingroup តាំងពីខែតុលា ឆ្នាំ២០២៣នោះ ត្រង់ចំណុចនេះ សម្តេចធិបតីចោទសួរវិញថា «តើចេះធ្វើល្ងង់ ឬល្ងង់ធ្វើចេះ?» សម្តេចបញ្ជាក់ថា ជារឿងពីរដាច់ដោយឡែកពីគ្នា គឺទី១-ការចុះបញ្ជិការបស់ក្រុម Vingroup គឺជាការលក់ផលិតនៅកម្ពុជា ឧទារណ៍ដូចជាការនាំរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Vingroup មកលក់ក្នុងទីផ្សារកម្ពុជា ដូចគ្នានឹងការនាំចូលរថយន្តពីកូរ៉េ ជប៉ុន អាមេរិកដែរ គឺមិនជាបញ្ហានោះទេ។ សម្រាប់ទី២ ដែលជាករណីធ្វើឱ្យបងប្អូនប្រជាពលរដ្ឋច្រឡំនោះ គឺជាការធ្វើអាជីវកម្មតាក់ស៉ី នៅកម្ពុជា។ ក្រុមហ៊ុនដែលចុះបញ្ជិកាគ្មានសិទ្ធិបង្កើតរបរតាក់ស៉ី បើសិនគ្មានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា «យើងមិនហាមការលើកសំណើទេ ប៉ុន្តែសិទ្ធិឱ្យ ឬមិនឱ្យ ជាសិទ្ធិរបស់យើង រាជរដ្ឋាភិបាលមិនទាន់មានឱ្យទេ ស្រាប់តែគេបកថានៅចុងឆ្នាំនេះ រថយន្តវៀតណាមចំនួន ២៥០០គ្រឿងនឹងមកដណ្តើមការងារបងប្អូនយើង ថាអត់មានទេ»

សម្តេចសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលអត់មានឱ្យអាជ្ញាបណ្ណ័បើកសេវាកម្មតាក់ស៉ីឱ្យក្រុមហ៊ុននេះ [Vingroup] នោះទេ ហើយកម្ពុជាក៏មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគបើកក្រុមហ៊ុនតាក់ស៉ីអគ្គិសនីនៅកម្ពុជាដែរ ម៉ោងស្មាលនេះ រដ្ឋាភិបាលអាណត្តិទី៧ គឺត្រូវតែយកចិត្តទុកដាក់នៅក្នុងការជួយបងប្អូន ប្រកបរបររត់ម៉ូតូឌុប រត់កង់បីនៅក្រៅប្រព័ន្ធនេះឱ្យបានល្អ នេះជាគោលដៅរបស់យើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ទាំងអស់ នូវក្រុមហ៊ុនបរទេសទាំងអស់ ដែលមានបំណងចង់វិនិយោគនៅកម្ពុជា ប៉ុន្តែមិនបានន័យថា រាជរដ្ឋាភិបាលត្រូវតែឯកភាពគ្រប់គម្រោង ដែលក្រុមហ៊ុនទាំងអស់នោះ លើឡើងនោះទេ គឺរាជរដ្ឋាភិបាលត្រូវសិក្សាពីផលប៉ះពាល់ ដល់សេដ្ឋកិច្ចសង្គមជាមុនសិន មុននឹងផ្តល់អាជ្ញាប័ណ្ណឱ្យប្រកបអាជីវកម្មនៅកម្ពុជា៕