(ភ្នំពេញ)៖ សម្តេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឱ្យ ទណ្ឌិត សម​ រង្ស៉ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសថា «កំពុងស្ងាត់មាត់ជ្រាប» បន្ទាប់ពីសម្តេ​ចបានបង្ហាញសារណា និង​និក្ខេបបទ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ សិក្ខាកាម និងនិស្សិតខ្មែរ ដែលទៅសិក្សា ធ្វើការ និងរស់នៅប្រទេសជប៉ុន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី បានលើកឡើដូច្នេះថា៖ «កាលពុក(ខ្ញុំ)ជេរគាត់ថាអវិជ្ជា គាត់ជេរពុកថា "មនុស្សអវិជ្ជាដឹកនាំប្រទេសថាមិនទៅមុខ" ដល់ពេលខ្ញុំរៀនដល់ PhD ថាខ្ញុំនេះ "អត់កំណើត" ថាសញ្ញាបត្រពីរ ចុងក្រោយថា PhD របស់ខ្ញុំហ្នឹងគេសរសេរឱ្យ ដោយសារទៅសុំសាលាអត់បាន ខ្ញុំទ្រាំមិនបានខ្ញុំក៏បង្ហោះលើអ៉ីនធើណិត ឱ្យយកទៅមើលទៅ (ឥឡូវ)ស្ងាត់ជ្រាប»

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនិក្ខេបបទថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ជាសធារណៈ បន្ទាប់ពីមានការស្នើសុំរបស់ លោក David Whitehouse អ្នកសារព័ត៌មានជនជាតិបារាំង បន្ទាប់ពីលោក អះអាងតាមរយៈលិខិតចំហរមួយថា លោកមានការពិបាកទទួលបានការចម្លងនិក្ខេបបទរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

មុនមានការបង្ហាញជាសាធារណៈនេះ លោក សម រង្ស៉ី បានវាយប្រហារជាបន្តបន្ទាប់ចំពោះសញ្ញាបត្រនៅសាលាបណ្ឌិត្យយោធាអាមេរិក West Point របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត រហូតដល់ខាងសាលាចេញមកអះអាងបញ្ជាក់ការពិត និងការពារនិស្សិតរបស់ខ្លួនផងដែរ។

នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ដដែលនេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីការរក្សាភាពស្ងប់ស្ងាត់របស់ លោក សម រង្ស៉ី ដោយលើកឡើងថា «ស្ងាត់ជ្រាប វាមានរឿងតែពីរទេ រឿងទី១ គាត់ថាប្រហែលជាល្អណាស់ គាត់អត់វ៉ៃ រឿងទី២. ប្រហែលជាមើលមិនយល់»