(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកអ្នកដែលចោទថា សម្តេចដឹកនាំមនុស្សរាប់ពាន់នាក់ដើម្បីមកចូលរួមកម្មវិធី សម្តេចនៅប្រទេសជប៉ុន ជារឿងចម្លែក។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជូនសារទៅអ្នកដែលគ្រោងប្រមូលគ្នាជេរសម្តេចនៅថ្ងៃស្អែកថា ការសម្តែងមតិត្រូវធ្វើដោយថ្លៃថ្នូរ កុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា និងកុំឱ្យរំលោភច្បាប់ជប៉ុន។

សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «មានម្សៀមួយនៅជប៉ុន បង្ហោះសារថា ហ៊ុន ម៉ាណែត ដឹកនាំមនុស្សរាប់ពាន់នាក់ពីភ្នំពេញ មកចូលរួមកម្មវិធី [...] បើចឹងម៉ៅកាប៉ាល់ហោះ ៥០ហើយ។ ចេះតែប្លែកៗ។ ការជួបជុំគ្នានៅថ្ងៃនេះ គេហៅថា ស្មារតីជាតិនិយម លើកស្ទួយកិត្តិយសជាតិយើង។ មិនបាច់លើគ្នាទៅប្រទេចបណ្តាស់សាគ្នាទេ។ ខ្ញុំអរគុណណាស់ ដែលចេញសារស្វាគមន៍ខ្ញុំជាបន្តបន្ទាប់ តាំងពីមុនខ្ញុំមកទីនេះ»

សម្តេចបន្តថា «ស្អែកនេះ គេគ្រោងប្រមូលគ្នាជេរខ្ញុំ! ហ្នឹងជាសិទ្ធិជេរចុះ តែចុះផ្តាំថា ការសម្តែងមតិក្នុងសេចក្តីថ្លៃថ្នូរ ធ្វើយ៉ាងណាកុំឲ្យបាក់មុខប្រទេសជាតិយើង យើងជំទាស់ យើងមិនទទួលស្គាល់ អាហ្នឹងជារឿងមួយ រឿងរបស់បងប្អូន។ ខ្ញុំមកទីនេះ ជាមួយនឹងថ្នាក់ដឹកនាំផ្សេងទៀត នៅក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន វាជាសារគ្រប់ហើយ​ ដែលជប៉ុនទទួលស្គាល់ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានថ្លែងអំណរគុណដល់ក្រុមការងារ លោករដ្ឋមន្រ្តី ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋជាង៦លាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ គឺជាការអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតដើម្បី ជ្រើសតាំងនាយករដ្ឋមន្រ្តី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរិះគន់ទៅម្សៀចាស់វស្សា ដែលធ្វើសកម្មភាពវាយប្រហារតាំងពីសម្តេចតេជោ រហូតដល់កូន ហើយតាមដានសកម្មភាពរបស់សម្តេចជាប់រហូត។ សម្តេចធិបតី បានថ្លែងថា សម្រាប់ខ្មែរយើងមិនថានៅអាមេរិក ឬប្រទេសណាទេ យើងគួរតែអបអរសាទរដល់ សន្តិភាពរបស់យើងដែលកំពុងមាននៅពេលនេះ៕