(ភ្នំពេញ)៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ បានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី។ នេះបើតាមរបាយការណ៍ ដែលបង្ហាញដោយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

របាយការណ៍ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩ -២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី(ធៀបនឹង ១០ខែ ឆ្នាំ២០២២ មានចំនួន ១៣៤ករណី កើនចំនួន ០៣ករណី) ស្មើនឹង ២,២%។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រួមមាន៖

* ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ១៦០នាក់/១៦១នាក់ (ស្រី ២៧នាក់) អនីតិជន ២៣នាក់(ស្រី ០២នាក់)។ ក្នុងនោះជនសង្ស័យបរទេសចំនួន ១០នាក់ មានជនជាតិ(ចិន ០៣នាក់, ហ្វីលីពីន ០១នាក់ អាមេរិក០១នាក់ ជនជាតិវៀតណាម ០៣នាក់ ស្វីស ០១នាក់ និងប៉ាគីស្ថាន ០១នាក់) ។

* សង្រ្គោះជនរងគ្រោះ ចំនួន ៤២៤នាក់/២៩០នាក់(ស្រី ២៩៧នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១១៤នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ៣៧នាក់(ស្រី ៣៤នាក់) និងអាយុពី១៨ឆ្នាំឡើង ២៧៣នាក់(ស្រី ១៤៩នាក់)(ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ១៣៤នាក់ និងប្រគល់ឱ្យគ្រួសារ ២៩០នាក់)។

ក្នុងនោះ ករណីអំពើជួញដូរមនុស្ស បង្រ្កាបបាន ២៣ករណី/២៦ករណី(ថយចុះ ០៣ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់ (ស្រី ០៧នាក់) អនីតិជន ០១នាក់(ស្រី) ជនបរទេស ០៧នាក់(ស្រី ០១នាក់) មានជនជាតិ ចិន ០៣នាក់, ហ្វីលីពីន ០១នាក់ អាមេរិក០១នាក់ ស្វីស ០១នាក់ និងប៉ាគីស្ថាន ០១នាក់។ សង្គ្រោះជនរងគ្រោះចំនួន ២០៣នាក់(ស្រី ៧៨នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១០នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ១០នាក់(ស្រី ០៨នាក់) និងអាយុ១៨ឆ្នាំឡើង ១៨៣នាក់(ស្រី ៦០នាក់) ប្រគល់ឱ្យមន្ទីរសង្គមកិច្ចចំនួន ២៤នាក់ និងប្រគល់ឱ្យគ្រួសារ ១៧៩នាក់។

ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្រ្កាបបាន ១១៤ករណី/១០៨ករណី(កើន ០៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ១២៩នាក់(ស្រី ២០នាក់) អនីតិជន ២២នាក់(ស្រី ០១នាក់) និងជនជាតិវៀតណាម ០៣នាក់។ សង្គ្រោះជនរងគ្រោះចំនួន ២២១នាក់(ស្រី ២១៩នាក់) មានៈ អាយុក្រោម១៥ឆ្នាំ ១០៤នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ២៧នាក់(ស្រី ២៦នាក់) និងអាយុ១៨ឆ្នាំឡើង ៩០នាក់(ស្រី ៨៩នាក់) (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ១១០នាក់ និងប្រគល់ឱ្យគ្រួសារ ១១១នាក់)។

ចំពោះចំណាត់ការផ្តន្ទាទោស បើតាមទិន្នន័យទទួលបានពីក្រុមការងារជំនាញកិច្ចការយុត្តិធម៌ ដែលបានដកស្រង់លទ្ធផលពីសាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើសំណុំរឿងបទល្មើសក្រោមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ជាលទ្ធផលតាមដំណាក់កាលទាំង៣ នៃនីតិវិធីតុលាការ មានដូចខាងក្រោម៖

១៖ ចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត សំណុំរឿងសរុបមានចំនួន ៣០៧ (ក្នុងនោះសំណុំរឿងចាស់មានចំនួន ៣១)៖

* ជនរងគ្រោះសរុបមានចំនួន ៣០៨ នាក់(ស្រី ២៤៦នាក់) ក្នុងនោះអនីតិជន ១៨២ នាក់ (ស្រី ១៧១នាក់) និងជនបរទេស ៥១ នាក់(ស្រី ១៤នាក់)។
* ជនល្មើសសរុបមានចំនួន ៤៤៣ នាក់(ស្រី ៦០ នាក់) ក្នុងនោះអនីតិជន ១៧នាក់ (ស្រី១នាក់) និងជនបរទេស ១០៨ នាក់(ស្រី ១៩នាក់)។
* សំណុំរឿងចាត់ការរួច ២៣១ សំណុំរឿង មានដូចជា៖ បញ្ជូនទៅស៊ើបសួរ ២០៥ សំណុំរឿង បញ្ជូនរឿងទៅជម្រះ ២ សំណុំរឿង នីតិវិធីបង្ហាញខ្លួនភ្លាម ១ សំណុំរឿង តម្កល់រឿងទុកឥតចាត់ការ ២១ សំណុំរឿង បញ្ចូលសំណុំរឿង (០១) ផ្ទេរសមត្ថកិច្ច(០១) និងកំពុងចាត់ការ ៧៦ សំណុំរឿង។

២៖ ចំណាត់ការរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ២៩៨ សំណុំរឿង (ក្នុងនោះសំណុំរឿងចាស់មានចំនួន ១៣៣)៖

* ជនរងគ្រោះសរុបមានចំនួន ៣១៨ នាក់(ស្រី ១៩២នាក់) ក្នុងនោះអនីតិជន ១៣៦ នាក់ (ស្រី ១២៧ នាក់) និងជនបរទេស ៨៤ នាក់(ស្រី ២៣ នាក់)
* ជនត្រូវចោទសរុបមានចំនួន ៤៣៤ នាក់ (ស្រី ៤៨ នាក់) ក្នុងនោះនីតិជន ៣២៣ នាក់
(ស្រី ៣៦នាក់) និងជនបរទេស ៣៤ នាក់(ស្រី ១នាក់) និងអញ្ញាតជន ០២នាក់ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ១រឿង មនុស្ស ០៦នាក់។ * ប្រភេទចំណាត់ការរួច ១១១ សំណុំរឿង មានដូចជា៖ បានបញ្ជូនរឿងទៅជម្រះចំនួន១១០សំណុំរឿង លើកលែងចោទ(០១) ផ្ទេរសមត្ថកិច្ច(គ្មាន) បណ្តឹងឧទ្ទណ៍( គ្មាន) និងកំពុងចាត់ការចំនួន ១៨៧ សំណុំរឿង។

៣៖ ដំណាក់កាលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ៣២៦ សំណុំរឿង (ក្នុងនោះសំណុំរឿងចាស់មានចំនួន ១៤៤)៖

* ជនរងគ្រោះសរុបមានចំនួន ៣៤៥ នាក់ (ស្រី ២៤៧នាក់) ក្នុងនោះអនីតិជន ១៩០ នាក់ (ស្រី ១៥២នាក់) និងជនបរទេស ៤០ នាក់ (ស្រី ១៨នាក់)។
* ជនជាប់ចោទសរុបមានចំនួន ៥០២ នាក់ (ស្រី ៦៤នាក់) ក្នុងនោះអនីតិជន ៤៣ នាក់ (ស្រីគ្មាន) ជនបរទេស ៧៧ នាក់(ស្រី ០៥នាក់) និងអញ្ញាតជន ០២នាក់។ * សំណុំរឿងចាត់ការរួច សរុបទាំងអស់ចំនួន ១៥៦ សំណុំរឿង (គឺជំនុំជម្រះ ១៥៦សំណុំរឿង និងផ្ទេរសមត្ថកិច្ច គ្មានសំណុំរឿង) ក្នុងនោះមានដូចជា៖ ១- ប្រកាសសាលក្រម៖ ឱ្យរួចផុតពីបទចោទ ៥ សំណុំរឿង មនុស្សចំនួន ១៣ នាក់ (ស្រី ០៨ នាក់), ផ្តន្ទាទោស ដោយពិន័យជាប្រាក់ ៥ សំណុំរឿង ដាក់ពន្ធនាគារ ១០៦ សំណុំរឿង មនុស្សចំនួន ១០៤នាក់ (ស្រី ០៨នាក់), ព្យួរទោស៖ ព្យួរទោសសាកល្បង ០៤សំណុំរឿង ព្យួរទោសធម្មតា ១៣ សំណុំរឿង មានមនុស្សចំនួន ១៤នាក់ (ស្រី ០១ នាក់), ២- បណ្តឹងឧបាស្រ័យ៖ បណ្តឹងជំទាស់ គ្មានសំណុំរឿង បណ្តឹងឧទ្ធរណ៍ គ្មានសំណុំរឿង និងកំពុងចាត់ការ ១៧០សំណុំរឿង៕