(ភ្នំពេញ)៖ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត មើស៊ីឌីស-បិនស៍ ប្រចាំនៅកម្ពុជា (នាំចូលរថយន្តម៉ាក មើស៊ីឌីស-បិនស៍) នឹងរៀបចំពិព័រណ៍ពិសេសដែលអាចអនុញ្ញាតឲ្យអតិថិជនទស្សនាម៉ូឌែលថ្មីចុងក្រោយ និងបើកបរសាកល្បងរថយន្ត Mercedes-Benz SUV ខ្នាតខ្ពស់ បានដោយសេរីនៅតំបន់កោះពេជ្រ។ ពិព័រណ៍ពិសេសសម្រាប់រថយន្ត Mercedes-Benz SUV ខ្នាតខ្ពស់ នេះនឹងធ្វើឡើងរយៈពេលបីថ្ងៃ នៅតំបន់កោះពេជ្រ ស្ថិតនៅខាងកើតឆៀងខាងត្បូងស្ពាននាគ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៨ ខែសីហាខាងមុខនេះ។
នៅថ្ងៃទី២៦ ខែសីហា ពីម៉ោង១:៣០នាទីល្ងាចដល់ម៉ោង៤ល្ងាច អតិថិជនទូទៅអាចចូលរួមចុះឈ្មោះបើកបរសាកល្បង ឬជិះរថយន្ត Mercedes-Benz SUV ខ្នាតខ្ពស់បានដោយសេរីដើម្បីយល់ដឹងអំពីបច្ចេកវិទ្យាដ៏ទំនើប ជាពិសេសប្រព័ន្ធការពារសុវតិ្ថភាពនៅពេលបើកបរ និងទទួលយកផាសុកភាពក្នុងការធ្វើដំណើរ ដូច្នេះលោកអ្នកអាចនាំដៃគូសង្សារ ស្វាមីភរិយា និងមិត្តភក្តិឲ្យចូលរួមក្នុងការបើកបរ និងជិះរថយន្តទំនើបនេះជាមួយគ្នាបាន។
នៅក្នុងថ្ងៃទី២៦ ខែសីហា ដដែលនេះផងដែរ នឹងមានកម្មវិធីពិសេស The new Mercedes-Benz SUV World Show សម្រាប់បើកឲ្យចូលទស្សនា «ការតាំងបង្ហាញពិភព នៃរថយន្តស៊េរីថ្មីខ្នាតខ្ពស់ៗរបស់មើស៊ីឌីស-បិនស៍» ចាប់ពីវេលាម៉ោង៦ល្ងាចដល់ ម៉ោង៩កន្លះយប់។ ពិធីនេះត្រូវបានរក្សាទុកសម្រាប់ភ្ញៀវពិសេសៗ (VIP) ចូលរួមទស្សនារថយន្តខ្នាតខ្ពស់ ការសម្តែងក្បាច់រាំ ការប្រគុំតន្រី The Original Song និងការចាប់រង្វាន់ពិសេសពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌាផងដែរ។
ដោយឡែកនៅថ្ងៃទី២៧ ខែសីហា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩កន្លះយប់ដដែល អថិជនគ្រប់រូបអាចចូលទស្សនារថយន្តខ្នាតខ្ពស់ និងចុះឈ្មោះចូលរួមសាកល្បងបើកបរ ឬជិះរថយន្ត Mercedes-Benz ខ្នាតខ្ពស់បានដោយរីករាយ។ ចំណែកឯនៅថ្ងៃទី២៨ ក៏មានកម្មវិធីដែលមានលក្ខណៈដូចគ្នាទៅនឹងទី២ផងដែរ។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រង ផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា នាំចូល និងចែកចាយផ្តាច់មុខ រថយន្ត មើស៊ីឌីស-បិនស៍ ប្រចាំនៅកម្ពុជា បាននិយាយថា អតិថិជនដែលទិញរថយន្ត Mercedes-Benz ខ្នាតខ្ពស់នៅក្នុងរយៈពេលបីថ្ងៃនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេសគួរជាទីពេញចិត្ត តែលោកមិនទាន់ចង់ប្រាប់ថា ប៉ុន្មានភាគរយនៅឡើយទេ។ Mercedes-Benz ខ្នាតខ្ពស់ មានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ។
លោក ឃុន ចាន់ថា បានបន្តទៀតថា នៅក្នុងពិធីពិព័រណ៍នេះ ក្រុមហ៊ុនរបស់លោកក៏នឹងចូលរួមចំណែកចែករំលែក ចំណេះដឹងមួយចំនួន ទាក់ទងទៅការធ្វើដំណើរលើដងផ្លូវឲ្យមានសុវត្ថិភាពផងដែរ៕