(ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណដល់និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ដែលបានដើរតួនាទី ជាអ្នកការទូតដ៏ល្អឲ្យកម្ពុជា ហើយទទួលបានការកោតសរសើរពីជនជាតិជប៉ុនថា ជាប្រជាជនដែលឧស្សាហ៍ព្យាយាម។

ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណណាស់បងប្អូនខ្មែរយើង កម្មសិក្សាការរី ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅទីនេះ (ជប៉ុន) ក៏ដូចជាបងប្អូននិស្សិតយើង ដែលមករៀននៅទីនេះ គឺបងប្អូនបានដើរតួនាទី ជាអ្នកទូតដ៏ល្អរបស់កម្ពុជា»

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្ដេចបានជួបមិត្ដជប៉ុនជាច្រើន ហើយទទួលបានការសរសើរថា បងប្អូនប្រជាជនខ្មែរ ស្លូតត្រង់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម ហើយនេះជាអ្វី ដែលជាមោទនភាពរបស់កម្ពុជា ជាមោទនភាពកូនខ្មែរ ជាមោទនភាពនៃពូជមួយ ដែលកសាងប្រាសាទអង្គរវត្ដ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជានឹងបង្ហាញដល់ពិភពលោកថា កម្ពុជាជាប្រជាជន ដែលមានអរិយធម៌ខ្ពង់ខ្ពស់ និងមានការខិតខំប្រឹងប្រែង។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុន នៅប្រទេសជប៉ុន ឲ្យបន្តយកចិត្តទុកដាក់ចំពោះពលករ និងសិក្ខាកម្មមកពីប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាម រាជរដ្ឋាភិបាល ដែលមានមន្ត្រីទូតជាសេនាធិការ ត្រូវគាំពារពលរដ្ឋខ្មែរទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស៕