(តូក្យូ)៖ ព្យុះទីហ្វុងកំណាច Mindulle បានវាយប្រហារភាគខាងជើងប្រទេសជប៉ុន រួមទាំងទីក្រុងតូក្យូផងដែរ ដោយក្នុងនោះមនុស្សប្រមាណ ៩,០០០នាក់ត្រូវបានអាជ្ញាធរ បង្ខំជម្លៀសចេញទៅកាន់ ទីកន្លែងដែលមានសុវត្ថិភាព ខណៈផ្នែកព្យាករណ៍អាកាសធាតុ JMA បានព្រមានបន្ថែមទៀត ពីរលកសមុទ្រធំៗ និងប្រព័ន្ធសម្ពាធទាបអូសបន្លាយ ដែលអាចបង្កជាទឹកជំនន់ នៅភាគខាងជើងប្រទេស ដីកោះនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។
យោងតាមការបញ្ជាក់របស់ JMA ព្យុះទីហ្វុង Mindulle បានបង្កឲ្យមានការ បាក់រួចមកហើយនៅតំបន់ Hidaka ឆ្នេរភាគខាងត្បូងកោះហុកកៃដូ នៅពេលព្រឹកថ្ងៃអង្គារនេះ ហើយដែលព្យុះនេះ បានបន្ថយឥទ្ធិពល មកត្រឹមព្យុះស៊ីក្លូន កម្រិតបង្គួរ នៅវេលាម៉ោង ១១៖០០ព្រឹក ដែលនាំឲ្យអាជ្ញាធរក្នុងតំបន់ ធ្វើការជម្លៀសប្រជាជន ៩,០០០នាក់ ទៅរកន្លែងមានសុវត្ថិភាព។ ការជម្លៀសនេះក៏ព្រោះតែ ដងទន្លេនានាក្នុងស្រុកចំនួន ០៦ នៃខេត្តហុកកៃដូ បាននិង កំពុងកើនឡើងកម្ពស់យ៉ាងខ្លាំង ហើយអាចបង្កជាទឹកជំនន់ក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថាព្យុះទីហ្វុងកំណាច Mindulle ត្រូវបានគេរំពឹងថា នឹងវាយប្រហារភាគខាងត្បូងប្រទេសជប៉ុនតែម្តង នៅដើមសប្តាហ៍ថ្មីនេះ ខណៈជើងហោះហើរ ទាំងក្នុងនិងក្រៅស្រុកសរុប ៣៨៧ជើង (ក្នុងស្រុក១៤៥ជើង) ត្រូវបាន សម្រេចលុបចោល នាំឲ្យប៉ះពាល់ដល់ អ្នកដំណើរ ៤៨,០០០នាក់ ។ Mindulle ត្រូវបានទីភ្នាក់ងារព្យាករណ៍ អាកាសធាតុជប៉ុន JMA ប្រកាសថា នឹងមកដល់ឆ្នេរ ភាគខាងកើតប្រទេស នៅរសៀលថ្ងៃចន្ទ ហើយវានឹងបង្កជា ខ្យល់បោកបក់ខ្លាំង, ភ្លៀងធ្លាក់យ៉ាងគំហុក, និង អាចកើតមានការបាក់ដី នៅតំបន់ភ្នំមួយចំនួនថែមទៀត ក្នុងនោះក៏មានទីក្រុងតូក្យូផងដែរ៕