(ភ្នំពេញ)៖​ សាស្ត្រាចារ្យជំនាញដែលបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែកអប់រំ មកពីប្រទេសអូស្ត្រាលី​ និងជប៉ុន​ បានធ្វើការចែករំលែកចំណេះដឹងថ្មីៗបន្ថែម​ ដល់លោកគ្រូ​ អ្នកគ្រូ​ ទាំងនៅស្ថាប័នរដ្ឋ និងផ្នែកឯកជននៅកម្ពុជា ជាង​ ៤០០នាក់​ លេីវិធីសាស្ត្រធ្វេីឱ្យការបង្រៀនកាន់តែសកម្ម​ មានទំនាក់ទំនងល្អ​ និងប្រកបដោយខ្លឹមសារ​ ជាមួយនឹងការបង្កេីតវប្បធម៍ថ្មី​ នៃការបង្រៀន​ និងរៀន​តាមបែបសតវត្សរ៍ទី២១។

សិក្សាសាលាចែករំលែកចំណេះដឹងនេះដែរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមវត្ដមានលោក ទូច ពុទ្ធី អគ្គនាយកក្រុមហ៊ុនអន្តរជាតិ DIP DTP EDUCATION SOLUTIONS CAMBODIA ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងមានការចូលរួមពីវាគ្មិន កញ្ញា ម៉េង មុន្នីរួត្ន គ្រូបង្រៀននៅសាកលវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ច អនុបណ្ឌិតមកពីប្រទេសជប៉ុន និងកញ្ញា ប៉ែន សុនីតា អតីតគ្រូបង្រៀននៅសាលកវិទ្យាល័យACE អនុបណ្ឌិតផ្នែកអប់រំ មកពីប្រទេសអូស្ត្រាលី និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនប្រមាណជាង ៤០០នាក់។

សិក្ខាសាលានេះដែរ រៀបចំដោយ DIP DTP EDUCATION SOLUTIONS CAMBODIA ដែលជាក្រុមហ៊ុន ផ្តល់ដំណោះស្រាយលើការអប់រំ ដោយផ្តល់នូវសម្ភារៈលើការបង្រៀន និងរៀន ដែលស្របតាមការបង្រៀន និងរៀបបែបសតវត្សរ៍ទី២១ ដែលមានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ។

បើតាមលោក ទូច ពុទ្ធី បានបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីចែករំលែកចំណេះដឹងពីបណ្តាវាគ្មិនជំនាញ ជូនដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន ទាំងសាលារដ្ឋ និងឯកជន ទៅបន្តធ្វើការជាមួយសិស្សានុសិស្សរបស់ខ្លួនឱ្យទទួលបានជោគជ័យបបន្ថែមទៀតលើការបង្រៀនរបស់ខ្លួន ហើយនៅពេលដែលកូនសិស្សទទួលបានការសិក្សាកាន់តែច្រើននោះ និងធ្វើឱ្យពួកគេ ក្លាយជាចំណែកមួយនៃកោសិការបស់សង្គម និងជួយឱ្យសង្គមជាតិកាន់តែមានការរីកចម្រើនឡើងផងដែរ។

លោក ទូច ពុទ្ធី បានឱ្យដឹងទៀតថា ការរៀន និងបង្រៀន តាមបែបសតវត្សរ៍ទី២១ នេះគឺពិតជាការសារៈសំខាន់ណាស់ ដល់សិស្សានុសិស្ស គឺបានធ្វើឱ្យពួកគាត់រៀនដោយមានការគិតបែបពិចារណា ចេះសហការគ្នាដើម្បីបានសម្រេចលើកិច្ចការណាមួយ មានគំនិតឆ្នៃប្រឌិត ចេះស្រាវជ្រាវ និងទំនាក់ទំនងតាមបែបបច្ចេកវិទ្យា។ ការរៀន និងបង្រៀន តាមបែបសតវត្សរ៍ទី២១ ពិតជាមានសារៈសំខាន់ណាស់ ដល់សិស្សានុសិស្ស និងគ្រូបង្រៀនដែលជួយគាត់មានការរីកចម្រើនបានឆាប់រហ័សផងដែរ។

លោក ទូច ពុទ្ធី បានបន្ថែមទៀតថា តាមរយៈសិក្ខាសាលានេះពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយដល់លោកគ្រូ អ្នកគ្រូ ឱ្យទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាការចែករំលែកចំណេះដឹងទៅវិញទៅមក ដើម្បីរិះរកនូវវិធីសាស្ត្រដែលល្អៗ ក្នុងការយកទៅបង្រៀនកូនសិស្សរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ។

បើតាមលោកគ្រូ ស៊ុក វណ្ណី សិក្ខាកាមដែលបានចូលរួមសិក្សាសាលានេះ បានឱ្យដឹងដែរថា រាល់សិក្ខាសាលាទាំងអស់ទាក់ទងនឹងវិស័យអ់រំ គឺមានសារៈសំខាន់ណាស់ សម្រាប់បណ្តុះគំនិតឱ្យយើងមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ ទាំងការរៀន និងបង្រៀននៅក្នុងថ្នាក់ ដើម្បីឱ្យយើងបានទទួលជោគជ័យក្នុងការបង្រៀន ដើម្បីឱ្យយើងមានការកែប្រែ និងទទួលយកបទពិសោធន៍ពីខាងក្រៅ ហើយសិក្ខាសាលានេះ បានជួយឱ្យយើងចេះបណ្តុះគំនិតឱ្យយើងបានចេះពីវិធីសាស្ត្រ ក្នុងការយកទៅះនុវត្តន៍នៅក្នុងថ្នាក់រៀន។

លោកគ្រូ ស៊ុក វណ្ណី បានបន្ថែមទៀតថា ក៏បង្ហាញបំណងចង់ឱ្យមានការរៀបចំសិក្សាសាលានេះឱ្យបានច្រើនវគ្គបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់អ្នកដែលកំពុងផ្តល់នូវការអប់រំដល់សិស្សានុសិស្ស កាន់តែមានភាពរឹងមាំ នៅក្នុងអាជីពជាគ្រូបង្រៀន ហើយសិក្ខាសាលាមួយនេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកអប់រំ ហើយបន្ទាប់ពីផ្តល់ផ្លែផ្លាដល់អ្នកអប់រំហើយនោះ នឹងអាចផ្តល់ចំណេះដឹងដល់សិស្ស និងជួយធ្វើឱ្យសង្គមមានការរីកចម្រើនផងដែរ៕