(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសមជាមួយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា៖ «នៅពេលគេយល់ថា ជំងឺមហារីក និងគ្រាប់បែកបរមាណូ សម្លាប់មនុស្សយ៉ាងកាចសាហាវ និងដ៏ខ្លាំងក្លា ! ប៉ុន្តែការផ្សព្វផ្សាយញុះញង់ និងការបំផុសបំផុល ព័ត៌មានមិនពិត គឺវាអាចសម្លាប់មនុស្សជាតិនៅលើពិភពលោក សាហាវជាងជំងឺមហារីក និងគ្រាប់បែកបរមាណូរាប់រយដងទៅទៀត»។
លោក ហ៊ុយ វណ្ណៈ បានបន្តអះអាងថា សន្តិសុខ សន្តិភាព និង និរន្តរភាពសង្គម គឺអាស្រ័យលើការទទួលស្គាល់ការពិត និងភាពជាក់ស្តែង ហើយសង្គមមិនត្រូវ បណ្តោយឲ្យពាក្យចចាមអារ៉ាម ការមួលបង្កាច់ ការប្រមាថ ក្លាយជាមូលដ្ឋានដឹកនាំសង្គមមនុស្សឡើយ នោះសង្គមទាំងមូលនឹងត្រូវខ្ទេចខ្ទាំ ដែលយើងបានឃើញ សោកនាដកម្មបន្តបន្ទាប់នៅចំពោះមុខយើង និងកំពុងកើតមាននៅបណ្តាប្រទេសមួយចំនួន លើពិភពលោកយើងនេះ ជាពិសេសនៅស៊ីរី និងអ៉ីរ៉ាក់...។ល។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ទៀតថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គាំទ្រសេរីភាពការបញ្ចេញមតិ ។ ប៉ុន្តែរាល់ការបញ្ចេញមតិគួរ ប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ការទទួលខុសត្រូវ និងក្នុងន័យស្ថាបនា នោះសង្គមនឹងរីកចម្រើនទាំងអស់គ្នា។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកជាង៦០០នាក់ មកពីជាង៣០ស្ថាប័នផ្សព្វផ្សាយព័ត៌មាន គឺមានបេសកម្មដើម្បីរួមចំណែក លើកកម្ពស់ គុណភាពសីលធម៌វិជ្ជាជីវៈ និង សមត្ថភាពវិជ្ជាជីវៈ ។ ដរាបណាគុណភាពនៃការគិតរីកចម្រើន នោះសង្គមជាតិនឹងបន្តរីកចម្រើន។
សូមជំរាបថា សហភាពសហព័ន្ធ អ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នាពេលថ្មីៗ។
ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times, Kampuchea Thmey សារព័ត៌មាននគរបាល និងសារព័ត៌មានភ្នំពេញថែមស៍៕