(ក្រចេះ)៖ បន្ទាប់ពីត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំដើម្បីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង៧របស់ខេត្តក្រចេះ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ រដ្ឋសភា។

ពិធីប្រកាសជាផ្លូវការ សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប១៤១នាក់ ដែលជាសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័ននានា ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង តាមបណ្តាក្រសួង ស្ថាប័នក្នុងជួររាជរដ្ឋាភិបាល។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានជំនឿយ៉ាងមុតមាំថា លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់តាំង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នឹងដឹកនាំការងារចុះធ្វើវេទិកាសាធារណៈកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀម។

តាមរយៈនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តក្រចេះ ប្ដេជ្ញាចូលរួមយ៉ាងសកម្មដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា និងចូលរួមបំផុសចលនាឲ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ សំដៅបម្រើនូវសេចក្ដីត្រូវការពិតប្រាកដ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ បានថ្លែងថា ក្រុមការងារដែលបង្កើតឡើងនេះ គឺជាបណ្តុំធនធានមនុស្ស និងជាកម្លាំងស្នូលដើម្បីចូលរួមគាំទ្ររដ្ឋបាលខេត្តក្រចេះ ក្នុងការពង្រឹងសមត្ថភាពដឹកនាំ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋក្នុងខេត្តក្រចេះ។

ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងស្រុកនៃខេត្តក្រចេះ ប្រធានក្រុមការងារបានចែកសមាសភាព នៃក្រុមការងារចុះមូលដ្ឋានចុះមូលដ្ឋានក្រុងស្រុកដោយក្នុងនោះ៖

*ទី១៖ ក្រុមការងារចល័ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ជាបណ្តុំថ្នាក់ដឹកនាំជារដ្ឋលេខាធិការនិងអនុរដ្ឋលេខា ដែលនឹងចុះជួយក្រុមការងារក្រុង ស្រុកនានាតាមការចាត់តាំង
*ទី២៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ដឹកនាំដោយលោក ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល
*ទី៣៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ដឹកនាំដោយលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន
*ទី៤៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ដឹកនាំដោយលោក ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន
*ទី៥៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ដឹកនាំដោយលោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន
*ទី៦៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នូល ដឹកនាំដោយលោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*ទី៧៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរ ដឹកនាំដោយលោក ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ
*ទី៨៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ ដឹកនាំដោយលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន

លោក នេត្រ ភក្ត្រា ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋាន ក្រុង ស្រុក ទាំង៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែងក្នុងការបំរើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេសជាតិបានកាន់តែរីកចម្រើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឲ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែមានការរីកចម្រើន៕